(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវេទិកាពិគ្រោះយោបល់ ដើម្បីទទួលសំណើរ និងសំណូមពរទុក្ខកង្វល់ពលរដ្ឋ ក្នុងមូលដ្ឋាន។
វេទិកាពិគ្រោះយោបល់ ខាងលើ ធ្វើឡើងក្រោមវត្តមានលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង , លោកសុខ សម្បត្តិ អភិបាលខណ្ឌ , លោក លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការអាវុធហត្ថ និងមានការអញ្ចើញចូលរួមពីប្រជាពលរដ្ឋជាច្រើនរយនាក់ទៀតផងដែរ មកពីតាមសង្កាត់ទាំង០៧ ក្នុងមូលដ្ឋាន។
លោក គឹម ឈុនអ៊ូ បានឡើងមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពន្យល់រៀបរាប់ពីកិច្ចការងារ ដែលជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាត្រូវបំពេញ និងបម្រើជូនពលរដ្ឋ។
លោកប្រធានក្រុមប្រឹក្សា ក៏បានអំពីសកម្មភាពកិច្ចការងារមួយចំនួន ដែលរដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់ បម្រើជូនពលរដ្ឋប្រកបដោយប្រសិទ្ធិភាពផងដែរ។
ប្រជាពលរដ្ឋក្នុងអង្គពិធី បាននាំគ្នាលើកឡើងជាសំណើរ សំណូមពរលើកង្វល់មួយចំនួនដែលពួកគាត់កំពុងជួបប្រទះ ដោយមានការជាការឡើងសួរដោយផ្ទាល់មាត់ និងការសួរដោយការសរសេរ ជាលាយល័ក្ខអក្សរ។
បញ្ហាចម្បងដែលពលរដ្ឋជួបប្រទះ មានដូចជា៖ ការប្រមូលសំរាមបានឡើងថ្លៃ, សំណើរគំនូសថ្មើរជើងឆ្លងកាត់ផ្លូវនៅតាមមុខសាលារៀន , ការចុះរៀបចំសណ្តាប់ធ្នាប់ ដើម្បីរំដោះចិញ្ចើមផ្លូវ ខណះមានតំបន់ខ្លះកំពុងមានការរំលោភបំពាន , ស្ទះប្រព័ន្ធលូបង្កជាការជន់លិច និងបញ្ហាមួយចំនួនទៀត ទាក់ទងនឹងការធ្វើសេវាតម្រូវការ ដូចជាអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ជាដើម។
លោក សុខ សម្បត្តិ អភិបាលខណ្ឌ ក៏បានទទួលយកសំណើរសំណូមពររបស់ពលរដ្ឋដើម្បីយកទៅដោះស្រាយ។ ក្នុងនោះ លោកអភិបាល ក៏មានជាឆ្លើយតបដោយផ្ទាល់ទៅវិញ លើបញ្ហាទុក្ខកង្វល់មួយចំនួន របស់ពលរដ្ឋផងដែរ។
ជាក់ស្តែងបញ្ហាឡើងថ្លៃ ថ្លៃប្រមូលសំរាម ដែលពលរដ្ឋមានការរអ៊ូរទាំថា មានការឡើងថ្លៃនោះ លោកអភិបាលបញ្ជាក់ថា៖ តាមពិតការឡើងនេះ មិនមែនទើបតែឡើងទេ គឺឡើងយូរហើយ ប៉ុន្តែគ្រាន់តែមិនទាន់មានការអនុវត្តប៉ុណ្ណោះ។ ហើយការមិនទាន់អនុវត្តនេះ គឺជាការទុកពេលឲ្យពលរដ្ឋបានដឹង ខណៈដែលអាជ្ញាធររាជធានី តែងបានផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់។
ការឡើងថ្លៃសំរាមនេះទៀតសោត គឺជាធានាប្រសិទ្ធិភាព នៃការប្រមូលឲ្យបានល្អ ខណៈក្រុមហ៊ុនប្រមូលសំរាមបច្ចុប្បន្ន គឺមានច្រើនក្រុមហ៊ុន មិនមែនមានតែក្រុមហ៊ុនស៊ិនទ្រី តែឯងឯងដូចមុននោះទេ៕