(សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តម្លៃទីផ្សារនៃស្លឹកមនបានសមរម្យ កសិដ្ឋានសូត្រ សិប្បករអង្គរ គួរតែសិក្សាជាមួយប្រជាពលរដ្ឋ ដែលមានចំការមន ឲ្យពួកគាត់បានដាំដើមមនឲ្យបាន​ច្រើន ដើម្បីឲ្យមានចំណូលសម្រាប់ផ្គត់ផ្គងដល់គ្រួសារផង។

លោកបន្ដថា ហើយនេះក៏ជាទីផ្សារថ្មី សម្រាប់សិប្បកម្មអង្គរ លើសពីនេះទៅទៀត ប្រសិនបើយើងអាចបន្តឲ្យគាត់ចិញ្ចឹមដង្កូវនាង នៅតាមផ្ទះរបស់គាត់ថែមទៀតក៏កាន់តែល្អ ដោយកសិដ្ឋានសូត្រ សិប្បករអង្គរ ចាំតែប្រមូលយកតែម្តង។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក ឌិត ទីណា នៅក្នុងពិធីប្រគល់ដើមមនចំនួន ១០០០ដើម ដល់សិប្បករអង្គរ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃកសិដ្ឋានសូត្រ សិប្បករអង្គរចូលរួមផងដែរ។

លោកបន្តទៀតថា ដោយសារវិស័យកសិកម្មយើង បានសិក្សាស្រាវជ្រាវជាច្រើននៅលើដើមមន ក៏ដូចជាពូជដង្កូវនាវ ហើយក៏បានយកបច្ចេកវិទ្យាទាំងអស់នេះ មកចែកជូនដល់កសិដ្ឋានសូត្រ សិប្បករអង្គរ ដែលជាទីកន្លែងដាំដុះដើមមន និងចិញ្ចឹមដង្កូវនាវ ដើម្បីទាញយកសូត្រ និងកែឆ្នៃជាសំលៀកបំពាក់ប្រពៃណីខ្មែរដ៏ស្រស់ស្អាត។

លោក ឌិត ទីណា បានបន្តថា នៅថ្ងៃនេះ មានដើមមនពូជថ្មីមួយចំនួនដែលអាចផលិតជាស្លឹកមនមានគុណភាពល្អ សម្រាប់ចិញ្ចឹមដង្កូវនាងឲ្យសូត្រវាបានល្អ ព្រមទាំងមានពូជដង្កូវនាងថ្មីៗ ដែលបានស្រាវជ្រាវនឹងសហការជាមួយខាងកូរ៉េ ជាពិសេស ដង្កូវនាងដែលចេញសំបុកពណ៌ស ដែលអាចចេញទៅជាសូត្រស និងមានពូជសូត្រពណ៌លឿង ហើយសូត្រទាំងពីរនេះ យើងអាចវេញចូលគ្នាធ្វើជារបស់ប្រើប្រាស់ដែលមិនប្រើថ្នាំជ្រលក់ពណ៌ និងបង្កើនតម្លៃបន្ថែមសម្រាប់ការងារយើងផងដែរ។

លោកសង្ឃឹមថា កសិដ្ឋានសូត្រ សិប្បករអង្គរនឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រ ឲ្យកាន់តែប្រសើរឡើងទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាពលើផ្នែកដាំដុះ និងចិញ្ចឹមមន ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួងផងដែរ។

លោក កាយ ឡូត អគ្គនាយកកសិដ្ឋានសូត្រ សិប្បករអង្គរ បានលើកឡើងថា សម្រាប់ការជួយឧបត្ថម្ភជាពូជមនថ្មី គឺជាការជួយជ្រោមជ្រែងកិច្ចខិតខំស្រារឡើងវិញនូវសិដ្ឋានសូត្រ សិប្បករអង្គរ ដោយមានភាពរអាក់រអួលហើយបិទមួយរយៈក្នុងអំឡុងពេលកូវីដ និងទើបតែនឹងបើកឡើងវិញក្នុងអំឡុងខែកក្តដា ឆ្នាំ២០២៤នេះ មានន័យថា ទើបតែបាន២ខែប៉ុណ្ណោះ។

លោកបន្តថា គោលការណ៍របស់កសិដ្ឋានសូត្រ សិប្បករអង្គរ មានតម្រូវការច្រើនបើធៀបទៅនឹងសមត្ថភាពផលិតបាននៅក្នុងស្រុក។ យើងនឹងខិតខំធ្វើការដាំដុះដោយខ្លួនឯង និងសិក្សាពីទិន្នផល ហើយនឹងអាចឈានទោសហការជាមួយកសិករ និងសហគមន៍ នៅតាមបណ្តាខេត្តផ្សេងៗទៀត។ កសិដ្ឋានសូត្រ សិប្បករអង្គរ ក៏បានជួយផ្តល់ការងារដល់សិប្បករប្រមាណ២៥០នាក់ផងដែរ។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគាំទ្រដល់កសិដ្ឋានសូត្រ សិប្បករអង្គរ ដើម្បីចូលរួមចំណែកលើកស្ទួយកោសេយ្យវប្បកម្មនៅកម្ពុជា ដោយបានផ្តល់ពូជដង្កូវនាងនិងពូជមន ក្នុងកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២៤នេះ មានដូចជា៖ ពងដង្កូវនាងសូត្រស CK174 ចំនួន ២០ ០០០ពង ប្រភពពីអគ្គនាយកដ្ឋានកសិកម្ម, ពងដង្កូវនាងសូត្រមាស ចំនួន ២០ ០០០ពង ប្រភពពីស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក, គ្រាប់ពូជមនអ៊ីប្រ៊ីដ GQ2 ចំនួន ២០០ ក្រាម ប្រភពពីវៀតណាម, កូនមន ចំនួន៥០០កូន ប្រភពពីខេត្តកំពង់ស្ពឺ និងគ្រោងប្រគល់ដើមពូជមនបន្ថែមទៀតក្នុងខែកញ្ញាប្រមាណជា១០០០ដើម ឬ៥០បាច់ ឬ៥០០០គុម្ព និងឯកសារបច្ចេកទេសបណ្តុះគ្រាប់មន បច្ចេកទេសដាំដុះមន ការចិញ្ចឹមដង្កូវនាង និងបច្ចេកទេសការផលិតជីកំប៉ុសិ៍ បច្ចេកទេសធ្វើផលិតកម្មពងដង្កូវនាង បច្ចេកទេសគ្រប់គ្រងជំងឺលើដង្កូវនាង និងបច្ចេកទេសស្រាវសរសៃសូត្រ៕