(ភ្នំពេញ)៖ លោក ឈួន សំរឹទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី មីនី ឆេ ជានាយិកា ធនាគារនីហរ័ណ អាហរ័ណ នៃប្រទេសកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាបច្ចេកទេស នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដោយមានការចូលរួមពី មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសុខាភិបាល អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សិក្ខាសាលានេះ គ្រោងរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency នាទីក្រុងភ្នំពេញ ក្នុងគោលបំណងជួយពង្រឹងសមត្ថភាព ដល់​អង្គភាពគ្រប់គ្រង​គ​ម្រោង (PMUs) និងស្ថាប័នពាក់ព័ន្ធដើម្បីសម្រេចលទ្ធផល និងទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង ដោយបង្កើនការយល់ ដឹងឲ្យកាន់តែស៊ីជម្រៅ ស្តីអំពី និតិវិធីរបស់ឥណទាន EDCF សេចក្តីណែនាំអំពីលទ្ធកម្ម និងគោលនយោ បាយគាំពារបរិស្ថាននិងសង្គម។

ថ្លែងនាឱកាសនោះលោក ឈួន សំរឹទ្ធិ បានឱ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពបុគ្គលិកគម្រោង ស្តីពីនីតិវិធីប្រាក់កម្ចី និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។ ការបណ្តុះបណ្តាលនេះនឹងបម្រើជាមគ្គុទ្ទេសក៍ដ៏មានតម្លៃ ជួយយើងឱ្យកាន់តែប្រសើរឡើងស្វែងយល់អំពីគោលនយោបាយ និងនីតិវិធីសម្រាប់ការអនុវត្តគម្រោង EDCF-financed ជាពិសេសសម្រាប់ទីភ្នាក់ងារ​អនុវត្តគម្រោងថ្មី។

ជាមួយគ្នានោះដែរលោក ឈួន សំរឹទ្ធិ ក៏បានបញ្ជាក់ទៀតថា សិក្ខាសាលានេះមិនត្រឹមតែបង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ និងសិក្សាបន្ថែមទៀតអំពីគោលការណ៍ណែនាំសម្រាប់លទ្ធកម្ម និងគោលនយោបាយ​គាំពារ បរិស្ថាននិងសង្គម របស់មូលនិធិ EDCF ប៉ុណ្ណោះទេ ថែមទាំងបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអង្គភាពគ្រប់គ្រងគម្រោង​ទាំងអស់បានជួបប្រទះ ក្នុងការអនុវត្តន៍គោលការណ៍ណែនាំ និងគោលនយោបាយទាំងនេះផងដែរ។

លោកស្រី មីនី ឆេ បានឱ្យដឹងដែរថា កម្ពុជាជាប្រទេសដៃគូធំលំដាប់ទី៣ របស់មូលនិធិ EDCF គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ។ នាពេលថ្មីៗនេះមូលនិធិ EDCF បានកែសម្រួលក្របខ័ណ្ឌហិរញ្ញប្បទាន និងបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងរាជារដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ដែលបានពង្រីកទំហំថវិការហូតដល់ ៣ពាន់លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០៣០ មូលនិធិនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា។

លោកស្រី មីនី ឆេ បានបន្ថែមថ ជាក់ស្តែងដូចជា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្រោមទំហំឥណទាន ២៤៦លានដុល្លាសហរដ្ឋអាមេរិក ជាឧទាហរណ៍ដ៏ល្អមួយ ដែលបញ្ជាក់ពីការប្តេជ្ញាយ៉ាងរឹងមាំ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងជ្រោមជ្រែងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) គឺជាជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកូរ៉េ នៅឆ្នាំ១៩៨៧។ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសកូរ៉េ (Korea Eximbank) បានទទួលការទុកចិត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិ និងគ្រប់គ្រងគម្រោងEDCF ។ EDCF កំពុងផ្តល់នូវហិរញ្ញប្បទានដ៏ច្រើនសម្រាប់គាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្ម និងស្ថេរភាពសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកូរ៉េ៕