(ព្រៃវែង)៖ សមេ្តចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះរាជាគណ:ថ្នាក់ទោ ព្រះកិត្តិធម្មវង្ស ស្រី ណារុន ព្រះរាជាគណៈកិត្តិយស និងលោល ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននិមន្តព្រះមន្រ្តីសង្ឃ និងព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សានៅខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខព្រះមន្រ្តីសង្ឃ និងភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានាក្នុងខេត្តទាំងមូល។
ក្នុងពិធីនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក៏មានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង ស្រុក និងព្រះចៅអធិការសរុប ២៤៦អង្គ។
សមេ្តចព្រះឧត្តមបញ្ញា បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឲ្យយកព្រះទ័យទុកដាក់ចំពោះ៖
*ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឲ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើងជាយថាហេតុ។ ព្រះសង្ឃគ្រប់ព្រះអង្គ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ ត្រូវបដិបត្តិខ្លួនទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើខ្លួនឲ្យក្លាយជាអ្នកដែលគេប្រដៅក្រ ឬធ្វើសកម្មភាពណាមួយ ដែលអាចបង្កផលលំបាកដល់រាជរដ្ឋាភិបាល ឬបង្កហេតុភេទណាមួយ ដែលធ្វើឲ្យប៉ះពាល់នូវសន្តិសុខសង្គម ឬបង្កអរិយភាពណាមួយ ដែលនាំឲ្យពុទ្ធបរិស័ទបែកបាក់សាមគ្គីឡើយ។
*គ្រប់វត្តទាំងអស់ត្រូវធ្វើឧបោសថកម្ម ឲ្យបានទៀងទាត់ ពីព្រោះថាព្រះអាណាបាតិមោក្ខ គឺជាសិក្ខាបទសម្រាប់ភិក្ខុដែលត្រូវបដិបត្តិជាប្រចាំក្នុងភាវៈខ្លួនជាសមណៈនៅក្នុងពុទ្ធសាសនមណ្ឌលដោយខានមិនបាន។ ព្រះគ្រូចៅអធិការ ត្រូវរៀបចំវត្តឲ្យមានរបៀបរៀបរយ ប្រកបដោយសោភ័ណភាព ឲ្យសមជាទីអារាម ដែលជាទីរីករាយរបស់ពុទ្ធបរិស័ទ។
នាឱកាសនោះ លោក ហង្ស ចាន់ព្រីដា បានពាំនាំនូវការផ្តាំសួរសុខទុក្ខនិងថ្វាយបង្គំពី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ លោកស្នើព្រះមន្រ្តីសង្ឃនិងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្តឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។
ព្រមជាមួយគ្នានេះ លោកក៏ស្នើព្រះសង្ឃគ្រប់ព្រះអង្គប្រើប្រាស់បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់និងស្ថិរភាពនយោបាយ៕