(កំពង់ធំ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅប្រគល់ផ្ទះចំនួន៥ខ្នង និងដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ ជូនក្រុមគ្រួសារតីតយុទ្ធជនដែលគ្មានដី និងគ្មានផ្ទះពិតប្រាកដចំនួន៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ កែ ម៉ៃ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសេចក្តីសម្រេចរបស់ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការសម្រេចឲ្យមានការផ្លាស់ប្ដូរ សមាសភាពអតីតយុទ្ធជន ដែលបោះបង់ចោលដី និងលំនៅដ្ឋាន និងអតីតយុទ្ធជនចំនួន៥គ្រួសារថ្មី ដែលត្រូវទទួលបានផ្ទះ និងដីសម្បទាសង្គមកិច្ចដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីរស់នៅជាកម្មសិទ្ធិតទៅដោយត្រូវអនុវត្តស្របទៅតាមអនុក្រឹត្យស្ដីពីសម្បទានដីសង្គមកិច្ច ផ្តល់ជូនអតីតយុទ្ធជន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងទេសរដ្ឋមន្ត្រី គន់ គីម ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដោះស្រាយផ្ទះ និងដីសម្បទាសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងសូមគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែជួយដោះស្រាយស្បៀងអាហារគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ពិសេសបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង៥ គ្រួសារ ត្រូវរស់នៅថែទាំផ្ទះសម្បែង និងដីធ្លីដែលជាកម្មសិទ្ធិរបស់បងប្អូនដោយត្រូវយកចិត្តទុកដាក់ក្នុងការបង្ករបង្កើនផលចិញ្ចឹមសត្វ កសាងជីវភាពថ្មីនៅលើដី សម្បទានសង្គមកិច្ច ដែលបានប្រគល់ជូននេះឲ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើងហើយនៅក្នុងឱកាសនេះ លោកបានប្រគល់ជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ៥គ្រួសារ ដែលទើបមករស់នៅក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច នៅពេលនេះផងដែរ។
លោកពលបាលឯក ធី ធឿន អាយុ ៥៨ឆ្នាំ តំណាងឱ្យក្រុមគ្រួសារអតីតយុទ្ធជនទាំង៥គ្រួសារ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការរស់នៅថែរក្សាផ្ទះសម្បែង ដែលបានផ្ដល់ជូន ដើម្បីបង្កបង្កើនផលដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារនីមួយៗឲ្យ បានល្អប្រសើរ ដោយមិនបោះបង់ចោលឡើយ នឹងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភផ្ទះ និងដីជូនពួកគាត់នៅពេលនេះ៕