(កោះកុង)៖ សម្តេចធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ទោ ព្រះបដិកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះបញ្ញាសំវរ យូរ ភួង ព្រះរាជាគណៈកិត្តិយស ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះរាជាគណៈកិត្តិយស និង លោល កែ សំអឿន រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បាននិមន្ត និងអញ្ជើញសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃខេត្តកោះកុងរួមមាន ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះសហការី ព្រះចៅអធិការ សរុប ៩៨ អង្គ/នាក់។

ក្នុងពិធនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ សម្ដេចព្រះធម្មលិខិត បានមានសង្ឃដីកាក្នុងអង្គពិធីថា៖

*១៖ សម័យ ប៉ុល ពត សាសនាត្រូវបានបំផ្លិតបំផ្លាញអស់ហើយ បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនាបានរស់រានមានជីវិតមកវិញ ក្រោមសុខសន្តិភាព នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ បន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត រួមគ្នាពង្រឹងពុទ្ធិកសិក្សា ការបើកសាលាពុទ្ធិក និងធម្មវិន័យរួមគ្នាកុំឱ្យសាលាដាច់ដោយឡែកពីគ្នា ពុទ្ធិកត្រូវតែដើរទៅមុខប្រឹងប្រែងពង្រឹងឱ្យបានល្អ។

*២៖ សម័យទំនើបនេះ សូមព្រះមន្ត្រីសង្ឃ ភិក្ខុ សាមណេរ ប្រើប្រាស់នៅបច្ចេកវិជ្ជា ឌីជីថល ឱ្យបានត្រឹមត្រូវ កុំប្រើប្រាស់ទំនាក់ទំនងខុស ហើយប្រាស់ចាកអំពីធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនៃយើង។

*៣៖ សូមព្រះមេគណ ព្រះឧបជ្ឈាយ៍ ត្រូវពិនិត្យមើលកុល្យបុត្រដែលត្រូវមកបំពេញបព្វជ្ជា ឱ្យបានត្រឹមត្រូវតាមធម៌ វិន័យ និងច្បាប់រដ្ឋ ដែលក្នុងព្រះវិន័យបានបញ្ញត្តិទុកមានមក ឱ្យអនុវត្ត និងប្រតិបត្តិតាម ជាពិសេសស្របតាមច្បាប់រដ្ឋ។

*៤៖ សូម ព្រះមេគណ សហការីគណ ព្រះគ្រូអនុគណ សហការីអនុគណ និងព្រះចៅអធិការវត្ត ធ្វើចលនាចូលរួមចំណែកឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន ឱ្យបានគ្រប់ៗព្រះអង្គ នេះពិតជាបានបង្ហាញពីការចូលរួមចំណែកជួយរបស់ពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបង្ហាញនូវទឹកព្រះទ័យស្រឡាញ់ជាតិមាតុភូមិរបស់ព្រះសង្ឃខ្មែរផងដែរ។

ជាមួយគ្នានេះ លោក កែ សំអឿន បាននាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។

លោកស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ចូលរួមគ្រាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន សូមព្រះមន្រ្តីសង្ឃត្រូវធ្វើការគ្រប់គ្រងវត្តអារាមឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើងទាំងមូល៕