(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងព្រះវិហារ បានថ្លែងអំពាវនាវឱ្យអ្នកម្តាយគ្រប់រូបចូលរួមកាន់តែច្រើនថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ពីកើតដល់អាយុ ៦ខែ ឱ្យបាន ៨៥% នៅឆ្នាំ២០៣០។
លោកស្រី ប៉ាង រ៉ាវី បានបញ្ជាក់ដូចនេះក្នុងឱកាសដែលលោកស្រីតំណាងលោក គីម រិទ្ធី អភិបាលព្រះវិហារ ចូលរួមសំណេះសំណាល និងបិទកម្មវិធីនៃការប្រារព្ធសប្តាហ៍ពិភពលោក បំបោះកូនដោយទឹកដោះម្តាយឆ្នាំ២០២៤ ធ្វើឡើងនៅវត្តគូលែនជើង ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដោយយមានការចូលរួមពីតំណាងមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិត្បែងមានជ័យ អាជ្ញាធរស្រុកគូលែន ប្រធានកម្មវិធីគម្រោងអភិវឌ្ឍកុមារតូច ព្រមទាំងស្ត្រីទើបសម្រាលកូន និងសិស្សានុសិស្សជាច្រើនរូបទៀត។
ក្នុងនាមលោក គីម រិទ្ធី អភិបាលព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងដោយក្តីសោមនស្សរីករាយ ដែលគម្រោងអភិវឌ្ឍកុមារតូចនៃអង្គការ RTI និងហេឡែនខេលល័រ បានជ្រើសរើសទីតាំងនេះដើម្បីប្រារព្វ សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយឆ្នាំនេះក្រោមប្រធានបទ «គាំទ្រការបំបៅកូនដោយទឹកដោះម្តាយឱ្យបានល្អប្រសើរបំផុតសម្រាប់ឪពុកម្តាយដែលធ្វើការ» ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល បង្កើនអត្រាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខអំឡុងពេល៦ខែដំបូងនៃជីវិត ក៏ដូចជាបន្តបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំឫលើសពីនេះ។
លោកស្រីអភិបាលរងខេត្តព្រះវិហារថ្លែងទៀតថា ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់ អំឡុង៦ខែដំបូងនៃជីវិតរបស់ពួកគេពិតជាមានសារៈសំខាន់ណាស់ ព្រោះអំឡុងពេលនេះទឹកដោះម្តាយ គឺជាអាហារដ៍ល្អបំផុតសម្រាប់ទារក ដោយហេតុថាទឹកដោះម្តាយមានផ្ទុកសារជាតិចិញ្ចឹមដូចជា ថាមពល ប្រូតេអ៉ីន ជីវជាតិ អ្វីដែលគួរតែចៀសវានោះ កឺការបំបៅកូនដោយម្សៅទឹកដោះគោ ព្រោះវាអាចបណ្តាលឱ្យកុមារមានបញ្ហាជាច្រើនដូចជា កុមារងាយទទួលរងជំងឺ ជាពិសេសជំងឺរាក មិនមានភាពសាំសម្រាប់ប្រឆាំងជំងឺនាំឱ្យកុមារឈឺញឹក ធ្វើឱ្យយើងខាតបង់ពេលវេលា និងថវិកាគ្រួសារ៕