(បាត់ដំបង)៖ លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ និងសហការី នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុកចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៨គ្រួសារ ក្នុងភូមិចំនួន៤ នៃឃុំព្រះផុស និងឃុំគាស់ក្រឡដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ១៥៖៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ។
នាកាសនោះ លោក ញឹក សារ៉ែន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកប្រធានអនុសាខាស្រុក បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះ មហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ថ្វីត្បិតតែ អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយគ្រាផងដែរ ពោលគឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។
លោក ញឹក សារ៉ែន បានបន្តអំពាវនាវបន្ថែមដល់ ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះធម្មជាតិ ដែលតែងតែកើតមាននឡើងដោយមិនមានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះមានជាបន្តបន្ទាប់ ក្រសួងធន ធានទឹកនិងឧតុនិយម តែងតែបានចេញសេចក្តីជូនដំណឹង អំពីការព្យាករណ៍អាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មាន ក្នុងការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះ ដែលអាចកើតមាន ឡើងជាយថាហេតុផងដែរ ។
លោកប្រធានអនុសាខា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។
ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋរងគ្រោះទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម , ទឹកស៊ីអីវ ០១យូរ, ទឹកត្រី ០១ យូរ , មី ០១ កេស ត្រីខ ១យូរ និងសង្ក័សីមួយចំនួន ផងដែរ៕