(បន្ទាយមានជ័យ)៖ ឈ្មួញលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាមតាមរថយន្ត ១គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះមានផលិតកម្ម និងបសុព្យាបាលខេត្តបានសហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចុះចាប់បាននៅវេលាម៉ោង១ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុច ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យដឹងថា ក្រោយពីធ្វើការដកហូត ចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាម រួចមក តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់ឲ្យដឹងថា ចុងស្លាបមាន់បង្កក ២០០កេសនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង យកមកលក់ឲ្យឈ្មួញដើម្បីបន្ត លក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង។
លោក ហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សមត្ថកិច្ចចំរុះបានធ្វើការដកហូត វត្ថុតាងមានផលិតផលចុងស្លាបមាន់បង្កក ២០០កេសនេះ បានធ្វើកំណត់ហេតុបានមើលឯកសាររកឃើញថា ស្លាបមាន់បង្កកនេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបានពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
ក្រោយពីធ្វើកំណត់ហេតុហើយសមត្ថកិច្ចចំរុះបានឲ្យឈ្មោះ ឈិន សុខាន់ ជាម្ចាស់ទំនិញ វត្ថុតាងល្មើស ផ្តិតមេដៃឲ្យឈប់បន្តទិញផលិតកម្មសត្វបង្កកដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។ ចំណែក ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន ២០០កេស ស្មើនឹង ២.៤០០គីឡូក្រាមនោះ សមត្ថកិច្ចចម្រុះបានយកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃដដែលផងដែរ៕