(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបី ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៤ និងកិច្ចពិគ្រោះយោបល់បានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅព្រឹកថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយប្រទេសចិន លើកទី១១។ កិច្ចពិគ្រោះ​យោបល់​នេះបានពិភាក្សាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងលេចឡើង ជាពិសេសឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺរណែត ដូចជា ល្បែងតាមអនឡាញ ការឆបោកតាមអនឡាញ ការបោកប្រាស់តាមទូរស័ព្ទជាដើម។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះដែរ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់​​ថ្នាក់​រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយប្រទេសជប៉ុន លើកទី ៩។ កិច្ចពិគ្រោះយោបល់នេះបានផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលជាកង្វល់ទៅវិញទៅមក និងពិភាក្សាលើវិស័យដែលជាប្រយោជន៍​​​​ទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។

នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់​រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយសាធារណរដ្ឋកូរ៉េ លើកទី ៥។ កិច្ចពិគ្រោះយោបល់បានផ្លាស់ប្តូរទស្សនៈស្តីពីការប្រឈមឧក្រិដ្ឋកម្មឆ្លងដែនរួម ក្នុងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ដើម្បីរិះរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីអនុវត្តផែនការការងារដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក ROH Man Sok ប្រធានព្រះរាជអាជ្ញា នៅការិយាល័យព្រះរាជអាជ្ញាកំពូលនៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យមានការអនុវត្តនូវគំនិតផ្តួចផ្តើមជាក់ស្តែងនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ៕