(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា សឿន សកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិមានជ័យ ដើម្បីលើកកម្ពស់វិស័យអប់រំថ្នាក់ឧត្តមសិក្សារវាងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះ ជា សឿន បានជម្រាបជូនលោកស្រីបណ្ឌិតថា ប្រតិភូសាកលវិទ្យាល័យមកកាន់ខេត្តប៉ៃលិននាពេលនេះ គឺមានគោលបំណង៥ សំខាន់ៗរួមមាន៖ ទី១៖ គឺគោរពរាយការណ៍ អំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យជាតិមានជ័យ ត្រៀម ពង្រីកអាគារសិក្សាបន្ថែម និងពង្រឹងលើការសិក្សាកាន់តែល្អប្រសើរថែមទៀត, ទី២៖ សុំកិច្ចសហការពីសំណាក់លោកស្រីអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សម្រាប់ការបង្រៀនថ្នាក់ឧត្តមសិក្សា ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់សិស្ស និងនិស្សិតនៅខេត្តប៉ៃលិន ផ្ទាល់តែ ម្តង, ទី៣៖ គោរពសុំការអនុញ្ញាតក្រុមការងារនៃសាកលវិទ្យាល័យជាតិមានជ័យមករៀនដកពិសោធន៍ពី ខេត្តប៉ៃលិន, ទី៤៖ ការផ្សព្វផ្សាយអំពីវិស័យអប់រំ និងសក្តានុពលរបស់សាកលវិទ្យាល័យ និងទី៥៖ កិច្ចការទំនាក់ទំនងរវាងសាកលវិទ្យាល័យ ជាតិ មានជ័យ និងខេត្តប៉ៃលិន។
ជាការឆ្លើយតប លោកស្រី បាន ស្រីមុំ បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលសាកលវិទ្យាល័យជាតិមានជ័យមានចំណាប់អារម្មណ៍ចំពោះខេត្តប៉ៃលិន ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ជាពិសេសការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគិនទូទៅ មកចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួម អនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងឱកាសនោះដែរផងដែរ លោកស្រីអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោកសាកលវិទ្យាធិការ ដែលមានចំណាប់អារម្មណ៍ចូលរួមលើកកំពស់វិស័យអប់រំនៅក្នុងខេត្តប៉ៃលិន ជាពិសេសថ្នាក់ឧត្តមសិក្សា សម្រាប់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សាសាកលវិទ្យាល័យដូច្នេះសូមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តសហការ និងពិភាក្សាជាមួយសាកលវិទ្យាល័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ពីព្រោះយុវជន គឺជាធនធានដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត។
សូមបញ្ជាក់ថា ដោយគិតគូខ្ពស់ពីសុខទុក្ខរបស់សិស្សនិស្សិត រៀងរាល់ថ្ងៃចុងសប្តាហ៍(សៅរ៍-អាទិត្យ) លោកស្រី បាន ស្រីមុំ បានឧបត្ថម្ភរថយន្តក្រុង ធ្វើការដឹកជញ្ជូន ព្រះសង្ឃ និងសិស្សនិស្សិត ទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងខេត្តបាត់ដំបង ដោយសុវត្ថិភាព និងឥតគិតថ្លៃ៕