(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានពលីនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសហិង្សា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានចាត់ទុកមរណភាព លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់នូវកូនជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាសសរទ្រូងនៃគ្រួសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិតដើម្បី ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសម្ដែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្ដីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕