(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកពិព័រណ៍អប់រំ ស្នាដៃសិក្សាស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ដែលបានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ (NIE) ដោយមានការចូលរួមពីលោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ លោកនាយករង លោកស្រីនាយិការង គណៈគ្រប់គ្រងនៃវិទ្យាស្ថាន ជាតិអប់រំ លោក លោកស្រីប្រធាន បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ គរុនិស្សិតជាច្រើននាក់។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត សៀង សុវណ្ណា សម្រាប់ការតាំងពិព័ណ៍លើកទី២នេះ គរុនិស្សិតដែលចូលរួមមានចំនួន ៧៦៥នាក់ ក្នុងនោះគរុនិស្សិតជាអតីតនិស្សិតសុទ្ធសាធមាន ៥៧៥នាក់ និងគរុនិស្សិត ជាអតីតបុគ្គលិកអប់រំមាន ១៩០នាក់ ចែកចេញជា១៩មុខវិជ្ជាឯកទេស ស្មើនឹង៣៦ថ្នាក់។ គរុនិស្សិតទាំង ៧៦៥នាក់នេះ នឹងលើកយកនូវប្រធានបទស្រាវជ្រាវថ្មីចំនួន៨០ មកដាក់តាំង ពិព័រណ៍។ ប្រធានបទទាំង៨០នេះ ត្រូវបានបែងចែកជា ៥បណ្ដុំ ដូចលើកទី១ដែរ រួមមាន៖ ផ្នែកផលិត សម្ភារឧបទេសមាន១៤ប្រធានបទ ផ្នែកនវានុវត្តន៍មាន ១៥ប្រធានបទ ផ្នែកសរសេរសៀវភៅកិច្ចតែងការបង្រៀនមាន ១៦ប្រធានបទ ផ្នែកសៀវភៅលំហាត់ឬសៀវភៅពិសោធន៍មាន ចំនួន២៥ប្រធានបទ និងផ្នែកសរសេរសៀវភៅសិក្សាគោលមានចំនួន០៨ប្រធានបទ។
លោកបណ្ឌិត សៀង សុវណ្ណា បានបន្ថែមថា ក្រៅពីគរុនិស្សិតកម្រិតឧត្តម ផ្នែកផ្សេងៗក៏បានដាក់ស្នាដៃស្រាវជ្រាវចូលរួមក្នុងការតាំងពិព័រណ៍នេះដែរ ក្នុងនោះ៖ មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី មានចំនួន ៣ប្រធានបទ វិទ្យាល័យអនុវត្តនៃវិទ្យាស្ថានជាតិអប់រំមានចំនួន៣ ប្រធានបទ និងសាលាបឋមសិក្សាអនុវត្តនៃវិទ្យាស្ថាន ជាតិអប់រំមានចំនួន ១ប្រធានបទ។
នាឱកាសនោះដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រូឧទ្ទេស និងគរុនិស្សិតបរិញ្ញាបត្រជាន់ ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តមនៃវិទ្យាស្ថានជាតិអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ទាំងផ្នែកគរុកោសល្យ និងសមត្ថភាពជំនាញវិជ្ជាជីវៈ សម្រាប់បុព្វហេតុដ៏ត្រឹមត្រូវនៃការកសាង និងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងការផលិតគ្រូបង្រៀនសម្រាប់សតវត្សរ៍ទី២១នេះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ដែរថា គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺធ្វើការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព គ្រូដែលសម្រេចបាននូវស្តង់ដារគ្រូ ដែលមានវិជ្ជាជីវៈគ្រូបង្រៀន គ្រូបង្រៀនសម្រាប់សតវត្សរ៍ទី២១ ហើយដើម្បីសម្រេចបាននូវស្តង់ដារគ្រូបង្រៀននេះ គឺគរុនិស្សិតត្រូវតែខិតខំពង្រឹងចំណេះដឹងតាមមុខវិជ្ជាឯកទេសរបស់ខ្លួនឱ្យបានខ្លាំងពូកែផងដែរ។
លោកបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា ការសិក្សាស្រាវជ្រាវបានផ្តល់ផលប្រយោជន៍ច្រើនបែបយ៉ាងដល់អ្នកសិក្សា និងដល់សង្គម ហើយការសិក្សានិងការស្រាវជ្រាវនេះគឺត្រូវបន្តធ្វើពេញមួយជីវិត ព្រោះថាការ ស្រាវជ្រាវអាចជួយឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងនិងបំណិនកាន់តែទូលំទូលាយ ទទួលបាននូវបទពិសោធន៍សម្បូរបែបនិងរបកគំហើញថ្មីៗ មានគំនិតច្នៃប្រឌិត ការត្រិះរិះពិចារណានិងនវានុវត្តន៍ ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលផង និងធ្វើឱ្យសង្គមកាន់តែល្អប្រសើរផងដែរ។
សូមបញ្ជាក់ដែរថា គោលបំណងនៃការតាំងពិព័រណ៍អប់រំមានដូចជា៖ ជំរុញគរុនិស្សិតឱ្យអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈតាមរយៈការផលិតសម្ភារៈឧបទេសបង្រៀន, ជំរុញគរុនិស្សិតឱ្យចេះកែលម្អវិធីសាស្ត្របង្រៀន និងរៀនដោយប្រើប្រាស់សម្ភារៈក្នុងស្រុក , លើកកម្ពស់សមត្ថភាពស្រាវជ្រាវដល់គរុនិស្សិត និងគ្រូឧទ្ទេសទាំងអស់ ទាំងលើផ្នែក ចំណេះដឹង ផ្នែកវិធីសាស្ត្របង្រៀន ការសរសេរសៀវភៅសិក្សាគោល និងការផលិតសម្ភារបង្រៀន និងរៀន, ជំរុញឲ្យមានការប្រឡងប្រណាំងក្នុងការផលិតនិងប្រើប្រាស់សម្ភារៈរៀននិងបង្រៀន, ជំរុញឲ្យគរុនិស្សិតចេះផ្សារភ្ជាប់ទ្រឹស្តីដែលមានចែងក្នុងខ្លឹមសារមេរៀនទៅនឹងការអនុវត្តជាក់ស្តែង, បង្កើតឲ្យមានឥរិយាបថ ចូលរួមយ៉ាងសកម្មក្នុងការផលិតសម្ភារៈសម្រាប់ការរៀន បង្រៀន និងការស្រាវជ្រាវផងដែរ៕