(កំពត-កែប)៖ លោក កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានស្នើដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជនថា ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព បង្កើនគុណវុឌ្ឍិ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ព្រោះខ្លួនជាអ្នកផ្តល់សុខុមាលភាពជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ការស្នើបែបនេះ ខណ:លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត និងលោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ចូលរួមជាអធិបតីក្នុងទិវាអភិវឌ្ឍប្រជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៥ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត កែវ សុផាន បានបញ្ជាក់ថា សុខុមាលភាពប្រជាពលរដ្ឋ ជាគុណតម្លៃដ៏មហាសាលរបស់ជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយមានតែអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទេ ដែលជាអ្នកផ្តល់ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗ ដោយការប្រើប្រាស់ឪសថ។ល។ ហេតុដូច្នេះហើយ ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី១៥ នាថ្ងៃនេះ គឺដើម្បីចូលរួមលើកកម្ពស់នូវសមត្ថភាព ពង្រឹងនូវគុណវុឌ្ឍន៍ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង ខណៈដែល នាពេលខាងមុខ ដែនកំណត់ និងនិយាមវិជ្ជាជីវៈសុខាភិបាល នឹងប្រកាសផ្សព្វផ្សាយ ឱ្យអនុវត្តដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ទាំងសេវាសាធារណៈ និងឯកជន។

លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា ការជួយជ្រោមជ្រែងយកចិត្តទុកដាក់ និងជំរុញសកម្មភាពនានាពីថ្នាក់ជាតិ សំដៅពន្លឿននូវការអនុវត្តន៍ច្បាប់ដែនកំណត់ និងនិយាមវិជ្ជាជីវៈសុខាភិបាល បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ សេវាសុខភាពប្រកបដោយសមធម៌ គុណធម៌ សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈសុខាភិបាល ដើម្បីឈានទៅរកការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអនុប្រធានមន្ទីរ ក៏បានណែនាំដល់ក្រុមគ្រូពេទ្យខេត្តកំពត-កែប ផ្តោតអារម្មណ៍លើ ជំងឺឆ្លង ពិសេស អ៊ុតស្វា (Mpox) ជំងឺមិនឆ្លង (មានទឹកនោមផ្អែម សម្ពាធឈម លើសខ្លាញ់ ជាដើម) ដើម្បីរួមគ្នាទប់ស្កាត់ កុំឲ្យជំងឺទាំងនោះ ក្លាយជាបញ្ហាធំទៅថ្ងៃក្រោយ។

លោកក៏បានស្នើដល់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បន្តជួយជំរុញផ្សព្វផ្សាយ ច្បាប់ សេចក្តីណែនាំ លិខិតបទដ្ឋានគតិយុត្តិ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌គ្រូពេទ្យ និងជំរុញការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តឱ្យបាន២ដង ក្នុងមួយឆ្នាំ គឺចុងសប្តាហ៍ទី៣ នៃខែកុម្ភៈ និងខែសីហា។ ហើយត្រូវបន្តត្រួតពិនិត្យ សមាសភាពគ្រូពេទ្យ ចុះបញ្ជីកា សុំអាជ្ញាបណ្ណថ្មី ស្របតាមសេចក្តីណែនាំ និងបទបញ្ជាផ្ទៃក្នុង របស់គណៈគ្រូពេទ្យកម្ពុជា។ បន្តចុះត្រួតពិនិត្យ ការប្រតិបត្តិវិជ្ជាជីវៈសុខាភិបាល តាមបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។ បន្តចូលរួមដោះស្រាយ បាតុភាពវិជ្ជាជីវៈ របស់សមាជិក-សមាជិកា តាមបណ្តាមូលដ្ឋានសុខាភិបាល។

ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប មានសមាជិក-សមាជិកា ចុះបញ្ជីកា ឬសុំអាជ្ញាបណ្ណចំនួន ៣១៣រូប ក្នុងនោះអាជ្ញាបណ្ណមានសុពលភាព ៣០៧រូប និងផុតសុពលភាព ៦រូប៕