(កំពង់ស្ពឺ)៖ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (KIT) ដែលជាវិទ្យាស្ថានមួយស្ថិតនៅកំពូលភ្នំគិរីរម្យ មានរបៀបបង្រៀនបែបទំនើប សឹងតែដូចនៅជប៉ុន បរិយាកាសខុសប្លែកពីគេ ដំបូងបំផុតនៅកម្ពុជា ជាពិសេសនិស្សិតអាចរៀនសូត្រពីអ្នកជំនាញ និងគ្រូបរទេស ជួយឱ្យនិស្សិតទទួលបានចំណេះដឹងច្បាស់លាស់ និងទទួលបានឱកាសការងារខ្ពស់ ដោយវិទ្យាស្ថានបណ្ដុះបណ្តាលលើជំនាញដូចជាវិស្វកម្មកុំព្យូទ័រ គ្រប់គ្រងទេសចរណ៍ ប្លង់និងរចនា (ស្ថាបត្យកម្ម)។

ការអប់រំនៅវិទ្យាស្ថាននេះ គួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ជាពិសេសក្រៅពីការសិក្សាជាទ្រឹស្តីក្នុងថ្នាក់រៀន និស្សិតមានឱកាសនៅក្នុងការហាត់ការ ដកយកបទពិសោធនិ៍ការងារជាក់ស្តែងទៅតាមស្ថាប័ននានា ដើម្បីពង្រឹងជំនាញកាន់តែរឹងមាំ កាន់តែច្បាស់លាស់បន្ថែម។

ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និង DICHI Academy ដែលជាសាលាផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទេពកោសល្យបច្ចេកទេសនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលជំនាញ ICT និងកម្មវិធីសិក្សា។ ដើម្បីជំរុញការអភិវឌ្ឍទេពកោសល្យបច្ចេកទេសដល់និស្សិតកម្ពុជា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ និស្សិតអាចសិក្សាអំពីការគ្រប់គ្រងតាមបែបឧស្សាហកម្ម4.0 ការធ្វើទីផ្សារ និងជំនាញផ្សេងៗជាដើម។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងរវាងលោក Masamu Kamaga ប្រធាន KIT និងលោកស្រី Lay Sivhuang នាយកគ្រប់គ្រង DICHI Academy នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ខេត្តកំពង់ស្ពឺ ដើម្បីបញ្ជាក់ពីកិច្ចសហការគ្នា ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។

តាមរយៈកិច្ចសហការនេះ និស្សិត KIT អតីតនិស្សិត និងសមាជិកបណ្តាញ នឹងមានសិទ្ធិចូលប្រើ ការទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិ ដែលមានផ្នែកសំខាន់ៗដូចជា ការអភិវឌ្ឍន៍ ពេញលេញ និងវិទ្យាសាស្រ្តទិន្នន័យ។

ជាមួយនឹងជំនាញរបស់ DICHI Academy វគ្គបណ្តុះបណ្តាលដែលមានល្បឿនលឿន លើមុខវិជ្ជា ឯកទេស ICT ដូចជា Full Stack Development and Data Science នឹងត្រូវបានផ្តល់ជូនដល់សិស្ស និស្សិត អតីតនិស្សិត និងបណ្តាញនៅ KIT រៀនសូត្របានលឿន និងវិញ្ញាបនប័ត្រទទួលស្គាល់ជាអន្តរជាតិ នៅពេលបញ្ចប់ការសិក្សា ខណៈនៅពេលដែលប្រទេសកម្ពុជាទទួលយកឧស្សាហកម្ម៤.០ ហើយកង្វះខាត អ្នកបច្ចេកទេសកាន់តែរីកចម្រើន។ 

បើតាមប្រធាន KIT បានថ្លែងថា តម្រូវការជំនាញ ICT ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលជាមធ្យម៤០ភាគរយ សម្រាប់ក្រុមហ៊ុន ICT និង ២០ភាគរយ សម្រាប់ក្រុមហ៊ុន មិនមែន ICT។ ប្រការនេះនឹងតម្រូវឱ្យមានការប្រមូលផ្តុំនូវទេពកោសល្យដែលបំពាក់ដោយជំនាញឯកទេស ដើម្បីដំណើរការបច្ចេកវិជ្ជាខ្ពស់ដែលត្រូវការសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យឌីជីថល។

DICHI Academy ដែលត្រូវបានគេស្គាល់ថា សម្រាប់កម្មវិធីបណ្តុះបណ្តាល ICT ប្រកបដោយភាពច្នៃប្រឌិត នឹងដើរតួយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងនេះ។ វិធីសាស្រ្តរបស់សាលាសម្រាប់ការអប់រំរួមបញ្ចូលការរៀនសូត្រដែលផ្តោតលើមនុស្សជាមួយនឹងវគ្គសិក្សាជាក់ស្តែង និងបង្រៀនដោយអ្នកជំនាញក្នុងឧស្សាហកម្ម។

វិទ្យាស្ថាន KIT ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយជនជាតិជប៉ុនលោក Takeshi Izuka អគ្គនាយកក្រុមហ៊ុន A2A Town Cambodia ដើម្បីផ្ដល់ការអប់រំប្រកបដោយគុណភាពខ្ពស់ជូនសិស្សកម្ពុជា ជាពិសេសទៅលើមុខវិទ្យាទាក់ទងទៅនឹងវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មកម្មវិធីកុំព្យូទ័រ។ សម្រាប់កម្មវិធីសិក្សារនៅ KIT ដូចជា៖ វិស្វករកុំព្យូទរ័ វិភាគប្រពន្ធ័កុំព្យូទ័រ បង្កើតប្រពន្ធ័កុំព្យូទ័រ គណនេយ្យ គ្រប់គ្រង ភាសារអង់គ្លេស និងជប៉ុនផងដែរ។

គួរបញ្ជាក់ផងដែរថា​ ចាប់តាំងពីការបើកដំណើរការដំបូង វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាច្រើន ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសង្គមយ៉ាងសកម្ម៕