(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅភ្នំពេញថា សហគ្រាស បានទទួលសំណួរ និងមតិយោបល់ជាច្រើនពាក់ព័ន្ធតម្លៃសេវាប្រមូលសំរាម នៅរាជធានីភ្នំពេញថា មានការតម្លើងថ្លៃមួយគុណនឹងពីរ។
សហគ្រាស សូមបញ្ជាក់ថា ចំពោះថ្លៃសេវាប្រមូលសំរាម សំណល់រឹង សម្រាប់ខែសីហា ឆ្នាំ២០២៤ ពុំមានការដំឡើងថ្លៃមួយគុណនឹងពីរ ដូចដែលបងប្អូនមួយចំនួនបានភាន់ច្រឡំនោះទេ ជាការពិតនោះ តម្លៃ គឺនៅរក្សាដដែលទៅតាមតារាងតម្លៃ ដែលបានផ្សព្វផ្សាយជូនរួចហើយ។
ថ្លៃសេវាសំរាម ដែលបងប្អូនបានឃើញនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) គឺជា៖
*ថ្លៃសេវាសំរាម ខែកក្កដា ឆ្នាំ២០២៤ ដែលមិនទាន់បានបង់
*ថ្លៃសេវាសំរាម ខែសីហា ឆ្នាំ២០២៤ ដែលត្រូវបង់ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ៥ នៃខែបន្ទាប់
ឧទាហរណ៍៖ ផ្ទះលេខ ៥៩០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាប្រភេទផ្ទះល្វែងជាន់ ផ្ទាល់ដី (មិនប្រកបអាជីវកម្ម) ដែលមានតម្លៃសេវាសំរាម១ខែ ២.៥ដុល្លារ។ តម្លៃសេវាក្នុងប្រព័ន្ធនឹងបង្ហាញសរុប៥ដុល្លារ (៥ដុល្លារនេះ គឺជាតម្លៃប្រចាំខែកក្កដា ដែលមិនទាន់បានបង់២.៥ ដុល្លារ បូកនឹងខែសីហា ២.៥ដុល្លារ)។
បើបងប្អូនបង់ថ្លៃប្រមូលសំរាមចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ តម្លៃប្រមូលសំរាម នឹងបង្ហាញក្នុងប្រព័ន្ធតែ១ខែទេ តែបើបងប្អូនបង់ថ្លៃប្រមូលសំរាមចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ នៃខែបន្ទាប់ តម្លៃប្រមូលសំរាមនឹងបង្ហាញ ក្នុងប្រព័ន្ធចំនួន២ខែ (បងប្អូនមានការភាន់ច្រឡំថា ថ្លៃប្រមូលសំរាម មានការតម្លើងថ្លៃមួយគុណនឹងពីរ ការពិតគឺមិនមានការតម្លើងតម្លៃទេ)។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម ទាំងអស់គ្នា ដើម្បីចូលរួមថែរក្សាបរិស្ថាននៅរាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងមកទីស្នាក់ការកណ្តាល សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញ ដែលមានអាសយដ្ឋានស្ថិតនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ី (OCIC) វិថីបឹងទទឹងថ្ងៃ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨១ ៦៤៦ ២២២ / ០១១ ៦៤៦ ២២២៕