(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះថា ការជីកប្រឡាយក្រវាត់ជុំវិញ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលមានប្រវែង ៣៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៣ម៉ែត្រ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។
បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការ ជូនដល់ជនរួមជាតិខ្មែរ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងការជីកប្រឡាយក្រវាត់ព្រុំដី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រហូតដល់ទីបញ្ចប់។
ថ្លែងក្នុងឱកាសនោះផងដែរ បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកប្រាក់ដែលប្រមូលបានពីសប្បុរសជនទាំងអស់ មានចំនួនសរុប ១៨០,០០០ដុល្លារ (ក្នុងនោះមានប្រាក់រៀល ចំនួន១៣៥លានរៀល និងប្រាក់ដុល្លារមានចំនួន ១៥០,០០០ដុល្លារផងដែរ)។
ជាមួយគ្នានោះផងដែរ លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា «ថវិកាទាំងអស់ត្រូវបានប្រើប្រាស់លើដំណើរការ ជីកប្រឡាយព្រំដីដោយម៉ត់ចត់ និងសុក្រឹត្យបំផុត ពោលគឺពុំមានការបាត់បង់ខុសខ្ទង់ចំណាយណាមួយឡើយ»។
បណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា «ការបិទបញ្ចប់ដោយជោគជ័យនៃការជីកប្រឡាយនេះ កើតចេញពីទឹកចិត្ត និងបេះដូងពិតៗរបស់បងប្អូនសប្បុរសខ្មែរគ្រប់មជ្ឈដ្ឋាន»។
លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកថា ការចូលរួមចំណែករបស់បងប្អូនខ្មែរក្នុងការជីកប្រឡាយនេះ គឺបានបន្សល់ទុកនូវភស្តុតាងប្រវត្តិសាស្រ្តដ៏អស្ចារ្យ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ពិតណាស់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ពិតជាសំបូរទៅដោយសក្តានុពលជាច្រើន រួមមាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ សត្វស្លាបកម្រ ឡស្លដែកបុរាណ ត្រពាំងបុរាណ ជនជាតិដើមភាគតិច ជាដើម។ ដោយសង្កេតឃើញពី សារៈសំខាន់ទាំងនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែយកចិត្តទុកថែរក្សាធនធានទាំងអស់នោះ តាមរយៈការអភិរក្សដោយម៉ឺងម៉ាត់បំផុត។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការជីកប្រឡាយព្រុំដីនេះមិនត្រឹមត្រូវអាចការពារធនធានសំខាន់ៗនៅក្នុងឧទ្យានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ប្រភពទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងសត្វព្រៃផងដែរ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា៖ «មានទឹក គឺមានអ្វីៗទាំងអស់» ដោយសារតែបែបនេះហើយ ទើបបុព្វបុរសខ្មែរជំនាន់ដើមឱ្យតម្លៃលើការរៀបចំប្រព័ន្ធទឹក នៅពេលរៀបចំក្រុង។ ក្នុងន័យនេះ ទឹកគឺធនធានដ៏សំខាន់បំផុតសម្រាប់ការដាំដុះដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនសាធារណជនថា បន្ទាប់ពីការជីកប្រឡាយព្រុំដីនេះបានបញ្ចប់ទៅ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងដាំដើមត្នោត និងផ្កាជាច្រើនដើមនៅតាមបណ្តោយមាត់ប្រឡាយ ដើម្បីលម្អសោភណ្ឌភាពសម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលអញ្ជើញមកទស្សនាផ្ទាល់នៅឧទ្យាន។
លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានស្នើឱ្យក្រសួងធនធានទឹក និងឧទុនិយម មេត្តាស្តារទំនប់បង្ហៀរ និងកាយទីតាំងប្រភពទឹកមួយចំនួនដែលស្ទះ ដើម្បីទាញយកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋ មូលដ្ឋានអាស្រ័យផលដំណាំនៅឧទ្យាន៕