(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានថ្លែងណែនាំមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ទាំង៨ បង្កើនការយកចិត្តទុកដាក់ជាប្រចាំពាក់ព័ន្ធការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចធ្វេសប្រហែសបាននោះឡើយ។
ការថ្លែងណែនាំរបស់លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ខណៈដែលតំណាងលោកអភិបាលខេត្តដឹកនាំកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាព ត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ទឹកជំនន់និងរាំងស្ងួតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនាសាលប្រជុំសាលាខេត្តស្វាយរៀង។
លោកបន្តថា ខេត្តស្វាយរៀងជាខេត្តមួយក្នុងចំណោម២៥រាជធានី ខេត្ត ដែលធ្លាប់ទទួលរងគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិជាញឹកញាប់ បណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ទ្រពសម្បត្តិ ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបានបញ្ជាក់ថា កន្លងមកខេត្តស្វាយរៀង ធ្លាប់បានទទួលរងនូវគ្រោះមហន្តរាយ ធម្មជាតិដូចជា៖ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាង ធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ជីវិតមនុស្ស សត្វ និងដំណាំកសិកម្ម។ ជាក់ស្តែងក្នុងរយៈពេល៧រខែ នៅឆ្នាំ២០២៤ ខេត្តស្វាយរៀងបានជួបប្រទះគ្រោះមហន្តរាយដោយមានខ្យល់កន្ត្រាក់ កើតឡើង ១៦លើក បណ្តាលឲ្យប៉ះពាល់ផ្ទះ ៣១៦ខ្នង ក្នុងនោះរលំ ៦៥ខ្នងខូចខាតមធ្យម ៦៧ខ្នង ខូចតិចតួច ១៨៤ខ្នង។
រន្ទះបាញ់កើតឡើង១លើក បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ និងងាប់គោ១ក្បាល។ សត្វល្អិតបំផ្លាញដំណាំស្រូវវស្សា ប៉ះពាល់ ៣៧ឃុំ-សង្កាត់ នៃស្រុក- ក្រុងចំនួន៦រួមមាន ស្រុករំដួល ស្រុកស្វាយជ្រំ ស្រុករមាសហែក ស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង បណ្តាលឲ្យមានផលប៉ះពាល់ដំណាំស្រូវសរុប ៨២០៣ ហិកតា ក្នុងនោះ សង្គ្រោះបាន ៦៦៣៤ហិកតា ខូចខាត ៧៩៤ហិកតា និងស្តារឡើងវិញបាន ៤២៦ហិកតា។ ករណីអគ្គីភ័យកើតឡើង១៤លើក បណ្តាលឲ្យឆេះផ្ទះ ១៤ខ្នង និងស្លាប់មនុស្ស ២នាក់។ ករណីលង់ទឹកកើតឡើង ១១លើក បណ្តាលឲ្យស្លាប់មនុស្ស ១៤នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥៤នាក់ របួស ៨៤នាក់ ខូចរថយន្ត ៣៩គ្រឿង ម៉ូតូ ៨៦គ្រឿង ត្រាក់ទ័រ ១គ្រឿង និងកង់១គ្រឿង។
លោកបានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមថ្លែងអំណរគុណ និងការកោតសរសើរចំពោះកងកម្លាំងទាំង៣ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូនានា ដែលតែងតែ ចូលរួមចំណែក យ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសការ ចូលរួមត្រៀមបង្ការ ការឆ្លើយតប និងការសង្គ្រោះដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយ នៅក្នុង ភូមិសាស្ត្រខេត្តស្វាយរៀង។
លោកបានបន្ថែមថា ដោយសារតែអាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យមានគ្រោះមហន្តរាយកើតឡើងកាន់តែ ញឹកញាប់ហើយឥទ្ធិពលរបស់វាកាន់តែខ្លាំងនាំឲ្យប៉ះពាល់ដល់អាយុជីវភាព ជីវភាពរស់នៅ និងការ អភិវឌ្ឍន៍ផងដែរ។ កត្តានេះយើងត្រូវរួមសហការគ្នាក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដែលអាចកើតមានក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។
ជាមួយគ្នានេះ លោកបានបន្តថា ខេត្តស្វាយរៀង មានហានិភ័យនៃមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ប៉ុន្តែដោយផ្អែកលើ ធនធានមានកំណត់ យើងពុំអាចធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់បានគ្រប់មុខសញ្ញាគ្រោះថ្នាក់ នោះទេ គឺយើងជ្រើសរើសយកតែមុខសញ្ញាគ្រោះថ្នាក់អាទិភាពតែពីរប៉ុណ្ណោះ រួមមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត សម្រាប់ធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ ។ដោយផែនការ ត្រៀមបម្រុងនេះ ត្រូវការធាតុចូលជាចាំបាច់ពីលោក លោកស្រី ដើម្បីឲ្យផែនការនេះ អាចឆ្លើយតប សមស្របទៅនឹងគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕