(កំពង់ចាម)៖ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាមដឹកនាំដោយលោក ខ្លូត ចិន្តា ក្នុងគោលបំណង ពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀននិងពិភាក្សាការងារផ្សព្វផ្សាយពីការងារជំរុញការទាញយកនិងប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្កកំពង់ចាម។
ក្នុងនាមលោក អ៊ុន ចាន់ដា អភិបាលខេត្ត លោក ខ្លូត ចិន្តា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបញ្ជូនក្រុមការងារមកប្រជុំពិភាក្សាការងារនិងបានរាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការងារផ្សព្វផ្សាយរយ:ពេល៦ខែ ឆ្នាំ២០២៤ មានចំនួន៣៨៧៨លើក លើចំនួនជាង២៥៧ពាន់នាក់ និងបានផ្សព្វផ្សាយ App Nodrug តាមប្រព័ន្ធសង្គមទៅមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងបានរៀបផែនការសកម្មភាពនឹងចុះផ្សព្វផ្សាយ ទាញយក App Nodrug ផ្ទាល់លើគោលដៅបី៖ មានមន្រ្តីរាជការ អប់រំ និងវេទិកាសាធារណ:ជាមួយប្រជាពលរដ្ឋ។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានពាំនាំការសួរសុខទុក្ខ អរគុណ កោតសសើរ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ ទទួលបានផ្លែផ្កាល្អ។
ក្នុងប្រជុំនោះក្រុមការងារទាំងពីរបានពិភាក្សាពីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន យន្តការនិងវិធានការសម្រាប់ជំរុញការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន កម្មវិធី App NoDrug និងបានពិភាក្សាពីយន្តការនិងវិធានការសម្រាប់ផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់ App NoDrug ពិសេសលើគោលដៅទាំងបី ដែលបានលើកឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម៕