(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឲ្យអស់កម្លាំងកាយចិត្ត ដោយត្រូវស្វែងយល់ពីការងារពង្រឹងសមត្ថភាព ហ៊ានលះបង់គ្រប់យ៉ាងទាំងពេលវេលា កម្លាំងកាយចិត្ត បញ្ញា ស្មារតី ពោលគឺធ្វើឲ្យបានល្អធ្វើឲ្យគេកោតសរសើរ។

ការណែនាំបែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក ហូរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ ជានាយករដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាមន្ត្រីបម្រើរាស្រ្ត មិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ត្រូវរួមគ្នាបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានក្តៅគគុក មានការងាររួមគ្នាធ្វើ មានទុក្ខក៏រួមគ្នា មានអីហូប ក៏ចែកគ្នាហូប។ចំពោះការងារត្រូវថ្លឹងថ្លែងឲ្យបានច្បាស់លាស់ អ្វីគួរអប់រំ យើងអប់រំ អ្វីដែលមិនត្រូវអប់រំ គឺអនុវត្តតាមច្បាប់។

លោក ឃួង ស្រេង បានបន្តថា នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងដោយប្រកាសដូច្នេះ រាល់ការងារនៅថ្នាក់ខណ្ឌដាច់ខាតត្រូវរាយការណ៍មក នាយករដ្ឋបាលរាជធានីភ្នំពេញ ហើយការងារដែល នាយករដ្ឋបាលរាជធានីភ្នំពេញដាក់អោយខណ្ឌអនុវត្តត្រូវអនុវត្ត។ ខណ្ឌទាំង១៤ត្រូវ ដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មានអីខ្វះខាត ដោះស្រាយមិនចេញ ត្រូវរាយការណ៍មកក្រុង ដើម្បីយើងបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ឃួង ស្រេង ក៏បានបង្ហើបឲ្យដឹងដែលថា៖ ពេលនេះហើយនៅមានមន្ត្រីប៉ូលីសយើងមួយចំនួនតូច ធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋបានហើយ ទុកចោលមិនយកអោយពលរដ្ឋទេ ចាំយកផលប្រយោជន៍ពីប្រជាពលរដ្ឋ ការងារនេះបើមន្ត្រីនៅតែមានបែបនេះ មិនអាចទុកអោយនៅទេ បើដឹងត្រូវកែខ្លួនជាបន្ទាន់ យើងត្រូវអនុវត្តការងារ កែទម្រង់ស៊ីជម្រៅហើយ។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានថ្លៃងអរគុណចំពោះ អាជ្ញាធរនិងកងកម្លាំងទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការទប់ស្កាត់ក្រុមអគតិនិងក្រុមជ្រុលនិយម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨សីហា កន្លងមកនេះ។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពអោយបានគង់វង់ទោះក្នុងតម្លៃណាក៏ដោយ។

ក្នុងឱកាសនោះលោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានតែងតាំងថ្មីនេះ បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបម្រើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។ ប្តេជ្ញាធានារក្សាសន្តិសុខ សុវត្ថិភាពនិងរក្សាសន្តិភាពអោយបានទោះបីក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាចាត់ចែងការងាររដ្ឋបាលអោយបានល្អប្រសើរស្របតាមច្បាប់។ចូលរួមសហការនិងលើកកំពស់សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដោយអនុវត្តតាមគុណសម្បត្តិ៤យ៉ាង ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ៕