(ក្រចេះ)៖ ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៣គ្រឿង មានប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉កភ្លៅ៦ ដឹកដំឡូង និងជីកសិកម្ម ក្នុងនោះ រថយន្ត ០២គ្រឿង ជារថយន្តប្រទេសវៀតណាម បានផ្ទុកទម្ងន់សរុបចន្លោះពី៦៥តោន ដល់៧០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ២០-២៥ តោន គិតជាភាគរយគឺលើសចន្លោះពី ៤៤%-៥៥% នៃច្បាប់អនុញ្ញាតត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លើបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចខាងក្រោម៖ យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន, យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន, យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន, យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន, យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡើងទៅទម្ងន់អនុញ្ញាត ៤៥តោន, ចំពោះប្រភេទយានយន្តផ្សេងទៀត សូមពិនិត្យលើតារាងរូបភាពជូនភ្ជាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមអនុវត្ត និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីផ្លូវថ្នល់ជាធរមាន។ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕