(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។

លោក ជួន សុវណ្ណ បានបញ្ជាក់ថា បញ្ហាល្បែងស៊ីសងខុសច្បាប់នេះ បានផ្តល់ផលលំបាកដល់សង្គមជាតិ និងសូមស្នើសុំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងនេះ ឲ្យមានប្រសិទ្ធិភាព។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ធ្វើការបង្ក្រាបល្បែងផ្សងសំណាងនេះឲ្យតឹងរ៉ឹងបំផុត ហើយត្រូវរកឲ្យឃើញមេខ្លោងធំ និងសំណូមពរដល់ប្រជាពលរដ្ឋកុំឲ្យលេងល្បែងបន្តទៅទៀត។

លោក នួន ផារ័ត្ន បានថ្លែងថា គណៈបញ្ជាការឯកភាពប្តេជ្ញារួមគ្នា ធានាអនុវត្តបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតលើការងារជាអាទិភាពមួយចំនួន រួមមាន៖ ការបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការទប់ស្កាត់ក្មេងទំនើង, ការពង្រឹងសុវត្ថិភាពចរាចរណ៍ និងការធានាបានសន្តិសុខ សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ៕