(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការ ទៅទស្សនាសារមន្ទីរជាតិក្នុងឱកាសដែរគណៈមេធាវីកម្ពុជាបានរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា។
ដំណើរទស្សនកិច្ចនៅសារមន្ទីរជាតិនេះមានគោលបំណងបង្ហាញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាជូនទៅកាន់ប្រតិភូគណៈមេធាវីអន្តរជាតិកំឡុងពេលស្នាក់របស់ពួកគេ ក្នុងប្រទេសកម្ពុជា។ សកម្មភាពផ្នែកវប្បធម៌នេះរួមចំណែកឱ្យចំណងមិត្តភាពរវាងមេធាវីកម្ពុជានិងមេធាវីបរទេសកាន់តែជិតស្និទ្ធមួយកម្រិតទៀត បន្ថែមលើសកម្មភាពកីឡា។
សូមជម្រាបថា យ៉ាងហោចណាស់ មានមេធាវីបរទេស ចំនួន ៧០នាក់ មកពីចិន ហុងកុង ថៃ ជប៉ុន និងឥណ្ឌា ចូលរួមប្រកួតវាយសីមិត្តភាពអន្តរជាតិលើកដំបូង នៅកម្ពុជា។ នេះបើតាមសេចប្រកាស របស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការរៀបចំកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវី កម្ពុជាលើកទី៣ និង ប្រកួតវាយសីមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា រវាងកីឡាករគណៈមេធាវីកម្ពុជា និងកីឡាករនៃគណៈមេធាវីបរទេស គឺក្នុងគោលបំណង រឹតបណ្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង៖ ១) ស្ថាប័នគណៈមេធាវីជាតិនិងបរទេស ២) មេធាវីកម្ពុជានិងមេធាវីបរទេស និង ៣) ចូលរួមលើកកម្ពស់សុខុមាលភាពមេធាវីតាមរយៈ កីឡាវាយសី។ កម្មវិធីប្រកួតទាំងពីរនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅ T-Badminton Court ។
ចំពោះកម្មវិធីប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ មានសហភាតាមេធាវី កម្ពុជា ចំនួន ១៥៨ នាក់ បានចុះឈ្មោះចូលរួមប្រកួត។ ចំណែកកម្មវិធីប្រកួតវាយសីមិត្តភាពអន្តរជាតិ រវាងមេធាវីកម្ពុជានិងមេធាវីបរទេស លើកទី១នេះ មានសហភាតាមេធាវីបរទេសចំនួន ៧០ នាក់ ចូលរួមមកពីប្រទេសចិន តំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសថៃ ប្រទេសជប៉ុន និងប្រទេស ឥណ្ឌា។ គូមិត្តភាពអន្តរជាតិមានចំនួន ៣២ គូ ដែលក្នុងនោះមានសហភាតាមេធាវីបរទេស ២១ គូ និង សហភាតាមេធាវីកម្ពុជា ១១ គូ៕