(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃ ទៅកាន់ព្រំដែនខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមានបំណងចង់ចូលរួម ហើយនឹងត្រូវរៀបចំនៅរៀងរាល់ចុងសប្តាហ៍ ចាប់ផ្តើមធ្វើឡើងពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ នឹងក្លាយជាសក្ខីកម្មដ៏ជាក់លាក់មួយ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានបំភ្លៃពីក្រៅប្រទេស ក៏ដូចជាការបារម្ភនានា ហើយក៏ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តោយខេត្តជាប់ព្រំដែនទាំង៤នេះ។
លោកបានបញ្ជាក់បន្ថែមថា ដំណើរកម្សាន្តទៅកាន់ទឹកដីភាគឦសានខាងមុខនេះក៏នឹងបង្ហាញជូនជនរួមជាតិនូវភូមិសាស្រ្តរបស់ប្រទេសកម្ពុជាយើង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ទាំងនោះ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍជាបណ្តើរៗនៅតាមព្រំដែនទាំងនោះ។
បន្ថែមពីលើនេះ ជនរួមជាតិខ្មែរដែលនឹងធ្វើដំណើរទៅកម្សាន្តនោះ នឹងឃើញដោយផ្ទាល់ភ្នែក នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាយើងជាមួយនឹងប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។
អ្នកនាំពាក្យ បានសង្កត់ធ្ងន់ និងជឿជាក់ថា៖ «កម្ពុជាមិនចង់បានដីប្រទេសជិតខាងនោះទេ ហើយរាជរដ្ឋាភិបាលក៏នឹងមិនធ្វើឱ្យបាត់ដីមួយមីលីម៉ែត្រនោះដែរ។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍បែបនេះច្រើនដងមកហើយៗបន្តមកដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ក៏បានបញ្ជាក់ និងធានាអះអាងជាច្រើនដងផងដែរ»។
ជនរួមជាតិយើងនឹងមិនត្រឹមតែជាសាក្សី ប៉ុណ្ណោះទេ ហើយក៏អាចក្លាយជាអ្នកផ្តល់ព័ត៌មានពិតទៅកាន់បងប្អូនជនរួមជាតិដទៃទៀត ដែលមិនបានចូលរួម។ ហើយការទៅដល់តំបន់ទាំងនោះ ក៏នឹងក្លាយជាដំណើរកម្សាន្តមួយលំហែអារម្មណ៍ផងដែរជាមួយទេសភាពព្រៃភ្នំ រមណីយដ្ឋានទឹកធ្លាក់ តំបន់ទេសចរណ៍ធម្មជាតិ បែបវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិភាគតិច និងទេសចរណ៍បែបសហគមន៍។ល។ ដែលជនរួមជាតិអាចផ្សព្វផ្សាយដើម្បីរួមចំណែកជំរុញទេសចរមកកាន់តំបន់ទាំងនេះបន្ថែមទៀត ដែលនឹងនាំឱ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីសកម្មភាពរបស់យើងទាំងអស់គ្នានេះ។
អ្នកនាំពាក្យនាំពាក្យរូបនេះ បានបន្ថែមផងដែរថា ដំណើរកម្សាន្តទៅកាន់ទឹកដីភាគឦសានខាងមុខនេះ នឹងបំផុសមនសិការស្រលាញ់ទឹកដី ស្រលាញ់ជាតិកាន់តែខ្លាំងឡើង ទៅដល់គ្រប់ជនរួមជាតិ ហើយដើម្បីយើងទាំងអស់គ្នាចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាយើង ឱ្យនៅស្ថិតស្ថេរ និងគង់វង្ស ព្រមទាំងដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល។
សូមរម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី សមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំងលោម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយលោក នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត៕
រូបថត៖ ឡុង ដេវីត, (AKP)