(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្នាក់ដឹកនាំគណៈមេធាវី បានដឹកនាំប្រតិភូគណៈមេធាវីអន្តរជាតិ ៤ប្រទេស/យុត្តាធិការធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិ ក្នុងឱកាសដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវីកម្ពុជាលើកទី៣ និងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់គណៈមេធាវីកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនៅរដ្ឋសភាជាតិ ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដោយលោកអគ្គលេខាធិការ បានផ្តល់កិត្តិយសធ្វើបទឧទ្ទិសនាមក្រោម ប្រធានបទការរៀបចំនិងប្រព្រឹត្តទៅ និងបង្ហាញនូវវឌ្ឍនភាពថ្មីៗនៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មី នីតិកាលទី៧ ជូនទៅដល់ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិ។

ជាមួយគ្នានេះផងដែរ លោក លី ច័ន្ទតុលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឡេង ប៉េងឡុង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ការធ្វើបទឧទ្ទិសនាម និងកិច្ចសហការក្នុងការរៀបចំទស្សកិច្ចសិក្សានេះឡើង។ លើសពីនេះទៅទៀតលោកប្រធានបានបញ្ចាក់ផងដែរថាគោលបំណងនៅក្នុងដំណើរទស្សនកិច្ចនេះគឺដឹកនាំគណៈប្រតិភូមេធាវីអន្តរជាតិដែលសុទ្ធសឹងតែជាអ្នកច្បាប់ ដើម្បីស្វែងយល់បន្ថែមអំពីអង្គការអំណាចនីតិប្បញ្ញត្តិ ដែលមានអំណាចក្នុងការតាក់តែង និងអនុម័តច្បាប់នៅក្នុងប្រទេសកម្ពុជា។

លោកប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍អនុញ្ញាត ដល់ថ្នាក់ដឹកនាំគណៈមេធាវី និងប្រតិភូគណៈមេធាវីអន្តរជាតិបានមានឱកាសធ្វើទស្សនកិច្ចនៅរដ្ឋសភាជាតិនាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានក៏បានចូលរួមអបអរសាទរក្រៃលែងចំពោះការដឹកនាំ និងសមិទ្ធិផលរយៈពេល ១ឆ្នាំ របស់រដ្ឋសភាជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៕