(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានប្រកាសរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ នាថ្ងៃទី១៣-១៤ ខែកញ្ញាខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អគារ (J-K-L)។
តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ ស្ថានទូតឥណ្ឌូនេស៊ី នាថ្ងៃទី៣០ សីហាបានឲ្យដឹងថា៖ នៅក្នុងឆ្នាំ២០២៤នេះ គឺជាគម្រប់ខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា-ឥណ្ឌូនេស៊ី ដូច្នេះដើម្បីជំរុញទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធនោះ ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំពិព័រណ៍ពាណិជ្ជកម្មដ៏ធំមួយ ដែលមានឈ្មោះថា «សួស្ដីឥណ្ឌូនេស៊ី»។
លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុីប្រចាំកម្ពុជា អះអាងថា កន្លងមក ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំការតាំងពិព័រណ៍អស់ ១៤លើករួចមកហើយ ប៉ុន្តែឆ្នាំ២០២៤នេះ ជាលើកទី១ដែលមានការតាំងពិព័រណ៍ពាណិជ្ជកម្មទ្រង់ទ្រាយធំ មានស្តង់ជាង១០០ និងកើនឡើងលើស៤០ស្តង់ បើធៀបនឹងឆ្នាំមុន។
លោកបានបន្តថា បើគិតមកទល់ពេលនេះមានក្រុមហ៊ុនចំនួន ១៧៥ហើយដែលបានចុះឈ្មោះចូលរួម យ៉ាងណាមិញស្ថានទូតឥណ្ឌូនេស៊ី នឹងសម្រេចយកចំនួន ១១៥ក្រុមហ៊ុនប៉ុណ្ណោះ។
ពិព័រណ៍ពាណិជ្ជកម្មដែលមានឈ្មោះថា «សួស្ដីឥណ្ឌូនេស៊ី» នឹងមានការបង្ហាញអំពីសកម្មភាព វប្បធម៌ សិល្បៈ ម្ហូបអាហារ និងជាការបើកឱកាសសម្រាប់វិនិយោគិនឥណ្ឌូនេស៊ីមកជួបពិភាក្សាជាមួយភាគីកម្ពុជាផងដែរ។
លោកទូតជឿជាក់យ៉ាងមុតមាំថា តាមរយៈពិព័រណ៍ពាណិជ្ជកម្មនេះ នឹងជួយពង្រឹងបន្ថែមក៏ដូចជាផ្លាស់ប្ដូរគ្នារវាងវប្បធម៌ កម្ពុជា-ឥណ្ឌូនេស៊ី ទាំងទំនៀមទម្លាប់ វប្បធម៌ ចំណេះដឹង ការអប់រំ ជាដើម។ លើសពីនេះទៅទៀត នៅក្នុងការតាំងពិព័រណ៍នេះផងដែរ នឹងបានជួយឲ្យប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូនេស៊ី កាន់តែមានទំនាក់ទំនងរឹងមាំ,ជិតស្និទ្ធ។
សូមបញ្ជាក់ថា នៅក្នុងការតាំងពិព័រណ៍ខាងមុខនេះ មាន៧៣ក្រុមហ៊ុនគឺជាក្រុមហ៊ុនឥណ្ឌូនេស៊ី , ៤១ក្រុមហ៊ុនគឺជាក្រុមហ៊ុនរបស់កម្ពុជាដែលនាំចូលផលិតផលពីប្រទេសឥណ្ឌុនេស៊ី ,នៅក្នុងនោះមាន១ក្រុមហ៊ុនជាក្រុមហ៊ុនវៀតណាមដែលគ្រប់គ្រង ដោយឥណ្ឌូនេស៊ីផងដែរ៕