(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចុះសិក្សាស្វែងយល់ពីបញ្ហាប្រឈមក្នុងមូលដ្ឋានឃុំព្រៃគុយ ដើម្បីស្វែងយល់ពីសុខទុក្ខពលរដ្ឋ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

លោកស្រី ឃួន ឃុនឌី បានកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅ។

លោកស្រីបានជំរុញយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីកែសម្រួលកិច្ចការអសកម្មមួយចំនួនឡើងវិញ ដោយធ្វើបច្ចុប្បន្នភាពក្រុមការងារគណបក្សឱ្យបានល្អប្រសើរថែមទៀត និងបំពេញរចនាសម្ព័ន្ធដែលនៅខ្វះចន្លោះឱ្យបានឆាប់ ត្រូវធ្វើផែនការមេ និងផែនការសកម្មភាពឱ្យបានជាក់លាក់ និងច្បាស់លាស់ រួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ កុំឱ្យក្រុមការងារខ្លះមានតែឈ្មោះគ្មានមនុស្សមកធ្វើការហើយចំណុចខ្លាំងបញ្ចូលបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឡើងវិញ។

លោកស្រីជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការ ចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងជំរុញខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។

លោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណក្រុមការងារទាំងអស់ដែលបានចូលរួមថវិកាតបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែនព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕