(សៀមរាប)៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើ ប្រភេទដើម (ឥន្ធនេល) ចំនួន១៦០០ដើម ដែលដាំអមសងខាងដងវិថីតេជោសន្តិភាព (ផ្លូវវាងក្រុង) ស្ថិតក្នុងភូមិសាស្ត្រ៤សង្កាត់ រួមមាន៖ សង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ, សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុង\ខេត្តសៀមរាប ដើមី្បលើកកម្ពស់បរិស្ថាន សោភណ្ឌភាព នៅតាមដងវិថីក្នុងក្រុងសៀមរាប។
ពិធីនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ប្រាក់ សុខុន ប្រធានស្ដីទីព្រឹទ្ធសភា និងលោកស្រី, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាសមាជិកព្រឹទ្ធសភាព សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង មន្ត្រីរាជការ កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា ចៅសង្កាត់ ប្រជាការពារ និងប្រជាពលរដ្ឋ ប្រមាណ ជាង ១ពាន់ចូលរួមផងដែរ។
លោក ប្រាក់ សោភ័ណ បានលើកឡើងថា ការដាំឈើនាពេលនេះ មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ធ មន្ត្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជា ជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គម ជាពិសេស ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ដើម្បីទទួលបានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
លោក ប្រាក់ សោភ័ណ បានបន្តថា ព្រៃឈើមានតួនាទីដ៏សំខាន់ ដែលជាសរសៃឈាមក្នុងវិស័យ កសិកម្មជាតិ ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិផងដែរ។ ព្រៃឈើក៏ជួយ ថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្ម អាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងថែរក្សាស្ថិរភាពបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះដែរ ព្រៃឈើក៏បានជួយការពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា៖ ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឲ្យប្រសើរឡើងនៃគុណភាពដី និងផ្តល់នូវអនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេស បង្កនូវគ្រោះមហន្តរាយដល់បរិស្ថាន ធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។
ម៉្យាងទៀត យើងត្រូវរួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃ ក្នុងការប្រើប្រាស់អនុផលព្រៃឈើគ្រប់ប្រភេទ និងបណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋ។
លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សាឲ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីឲ្យកូនឈើទាំងនោះ លូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។ រដ្ឋបាលខេត្តក៏បានផ្តួចផ្តើមយុទ្ធនាការដាំកូនឈើ ក្នុងឱកាសរុក្ខទិវានៅភូមិសាស្ត្រក្រុង ស្រុកទាំង១៣ មានកូនឈើ ២៩ប្រភេទ សរុបបានចំនួន ៨១,២៤៥ដើម និងមានអ្នកចូលរួមដាំចំនួន ១៨,២១២នាក់ផងដែរ។
ជាមួយនេះដែរ លោកក៏បានថ្លែងនូវអំណរអគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះលោកប្រធានស្តីទីព្រឹទ្ធសភា និងប្រតិភូ រួមទាំងលោក លោកស្រី ដែលបានចូលរួមការដាំដើមឈើនាពេលនេះ ដែលកំពុងយកចិត្តទុកដាក់ជួយដល់ខេត្តសៀមរាប ក្នុងកិច្ចថែរក្សាធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលជាបញ្ហាចំបងដ៏សំខាន់ ដល់ការរស់ននៅ និងការអភិវឌ្ឍន៍សង្គមជាតិទាំងពេលបច្ចុប្បន្ន ក៏ដូចជា ទៅពេលអនាគតផងដែរ៕