(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រកាសសមាជិក-សមាជិកាចំនួន៤០០នាក់ មកពីគណបក្សនយោបាយនានាដែលបានស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្តថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា និងបានរំលឹកអំពីការ តស៊ូលះបង់ក្នុងបុព្វហេតុជាតិជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្ររួមមាន ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាព ពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះឈ្នះ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជាបានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជនដែលនេះគឺជាបទពិសោធន៍ក្នុងការដឹកនាំដ៏គួរឲ្យជឿជាក់ សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ហើយថ្មីៗនេះការងារអាទិភាពមួយដែលសម្តេចធិបតីអនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ទិសដៅនៃការងារអាទិភាពរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាបានបើកការរដ្ឋានព្រែកជីកហ្វូណនតេជោ និងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនពិសេសលើកកម្ពស់ផ្លូវខ្សែក្រវាត់ព្រំដែនឲ្យកាន់តែរឹងមាំប្រកបដោយចីរភាព។

លោកបន្តទៀតថា ការចូលរួមរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការចុះជួយដល់សង្គមឃើញមានការផុសផុលខ្លាំងណាស់ដែលនេះ សបញ្ជាក់ឲ្យឃើញអំពីការស្រឡាញ់ ពេញចិត្តពីសំណាក់ក្រុមយុវជនទាំងអស់ មកចំពោះគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់មានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងមានការអភិវឌ្ឍន៍តទៅមុខជាលំដាប់។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ តែងតែនៅរួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិ ឱ្យរីកចម្រើនលើ គ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅអាណត្តិបន្តបន្ទាប់ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិមាតុភូមិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត៕