(សៀមរាប)៖ នៅរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា តំណាងសម្ដេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តសៀមរាប ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃខេត្តសៀមរាប។

ក្នុងពិធីនេះមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សាន សម្ផស្ស អនុរដ្ឋលេខាធិការ តំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប, សូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ ភិក្ខុ សាមណេរឲ្យបានតឹងរឹង និងត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលដើម្បីហាមឃាត់អំពើរអបាយមុខផ្សេងៗ ដើម្បីជួយជាតិដែលមានសន្តិភាពស្រាប់ឲ្យកាន់តែរីកចម្រើនថែមទៀត។

សម្តេចបញ្ជាក់បន្ថែមទៀតថា ព្រះសង្ឃត្រូវយល់ច្បាប់វិន័យ ចេះគោរពអ្នកបួសមុន វស្សាចាស់ជាង ឬព្រះឧបជ្ឈាយ៍ ត្រូវចេះនាំគ្នា យកវត្តប្រណិបតន៍ សុំឱវាទ នោះទើបយើងស្គាល់គ្នា និងក្រែងព្រះវិន័យ ច្បាប់ទម្លាប់បវរណីសង្ឃយើងបានខ្លះ ចំពោះព្រះមន្ត្រីសង្ឃបើមានតួនាទីហើយត្រូវធ្វើការ ព្រះមេគណនិមន្តមកប្រជុំត្រូវតែមកប្រជុំ ប្រជុំហើយត្រូវចេះផ្សព្វផ្សាយ ដល់អ្នកដែលនៅក្រោមឱវាទរបស់ខ្លួនបន្ត បើមិនមកប្រជុំបី ទៅបួនដង ដោយគ្មានមូលហេតុគ្រប់គ្រាន់ទេ យើងអាចស្នើសុំដកចេញបាន ដោយប្រាប់មូលហេតុទៅសម្តេចសង្ឃនាយក កុំឱ្យបុគ្គលនោះ នៅទទឹងផ្លូវ ស្ទះការងារ (សម្តេចប្រាប់ទៅមេគណ) ហើយអនុគណខ្លះ ចៅអធិការខ្លះ មិនយកចិត្តទុកដាក់ការប្រជុំតែម្តង ឱ្យតែអ្នកជំនួសព្រះសង្ឃក្មេងមកប្រជុំ មិនហ៊ាន សម្រេច មិនបានសាច់ការអ្វីទេ នោះហើយគឺជាការប្រឈមការគ្រប់គ្រងរបស់យើង គួរតែកែប្រែគ្រប់ៗព្រះអង្គ។

លោក សាន សម្ផស្ស បាននាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីសំណាក់ រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។

លោកស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង៕