(ភ្នំពេញ)៖ ក្រុមការងារអាជ្ញាធរទន្លេសាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានចុះប្រមូលព័ត៌មានរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត ដូច ជា ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមជម្រាបជូនថា ការចុះប្រមូលព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផលិតវីដែអូបទយកការណ៍ ស្តីពីការយល់ដឹងពីបឹងទន្លេសាប និងសារៈប្រយោជន៍ធនធានធម្មជាតិនៅក្នុងបឹងទន្លេសាប។
នៅក្នុងដំណើរការបេសកកម្មលើកដំបូងក្រុមការងារបានការចុះប្រមូលព័ត៌មាន និងបានជួបសម្ភាសន៍ជាមួយអាជីវករលក់ដូរ ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ប្រជាសហគមន៍ និងលោកគ្រូ សិស្សានុសិស្ស នៅតាមខេត្តគោលដៅទាំង៤ផងដែរ។
គួរបញ្ជាក់ផងដែរ ដើម្បីលើកកម្ពស់ និងជំរុញប្រសិទ្ឋិភាពដំណើរការការងារគំនិតផ្តួចផ្តើមបឹងទន្លេសាប រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអាជ្ញាធរអាងទន្លេសាប និងតាមរយៈកំណែទម្រង់នេះ «អាជ្ញាធរទន្លេសាប» ក៏ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត /០៦០៩/៧០៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ដែលជាអង្គភាពថ្នាក់ជាតិមួយ ជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល និងដើរតួនាទីជាអង្គភាពសិក្សា ស្រាវជ្រាវ តាមដាន និងវាយតម្លៃអំពីសក្តានុពលសេដ្ឋកិច្ច សង្គមកិច្ច និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ និងជាអ្នករៀបចំបង្កើតឡើងនូវផែនទីបង្ហាញផ្លូវ ទស្សនវិស័យ គោល នយោបាយយុទ្ធសាស្ត្រជូនរាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនថា អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមាន ភារកិច្ច ក្នុងការតាមដានត្រួតពិនិត្យ អធិការកិច្ច ដែនព្រៃលិចទឹក និងព្រៃលិចទឹកបានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការ បោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃ លិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប៕