(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូបពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ការប្រឡងប្រជែងនារសៀលនេះ មានបេក្ខជនចូលរួមចំនួន ៧២៩នាក់ (ស្រី១៨៨នាក់) ចាប់ផ្តើមនៅម៉ោង១២៖០០នាទីថ្ងៃត្រង់ លើវិញ្ញាសាចំនួន៣ ដែលបានរៀបចំរួចរាល់កាលពីព្រឹកមិញ រួមមាន៖ ១៖វិញ្ញាសាជំនាញ, ២៖វិញ្ញាសាភាសាអង់គ្លេស និង៣៖វិញ្ញាសាវប្បធម៌ទូទៅ។

សូមបញ្ជាក់ថា វិញ្ញាសាជំនាញ ដែលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញកាត់នាពេលនេះ មានរយៈពេល២ម៉ោង ចាប់ពីម៉ោង ១២៖០០នាទី ដល់១៤៖០០នាទី។

បេក្ខជនបានជ្រើសរើសប្រឡងប្រជែងតាមផ្នែកជំនាញនីមួយៗ រួមមាន៖ ច្បាប់ ចំនួន២៥៣នាក់, ស្ថាបត្យករ ចំនួន៨៨នាក់, វិស្វករសំណង់ស៊ីវិល ចំនួន១៤៦នាក់, រដ្ឋបាលសាធារណៈ ចំនួន១៤២នាក់ និងព័ត៌មានវិទ្យា ចំនួន១០០នាក់។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនចូលរួមប្រមាណ ៧២៩អង្គ/នាក់ (ស្រី១៨៨នាក់) បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ទាំងក្រុមការងារក្រសួង ទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រដំណើរការការប្រឡងប្រជែង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដល់បេក្ខជន និងអាណាព្យាបាលទាំងអស់ ដែលបានសហការចូលរួមជាមួយការរៀបចំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង៕