(ភ្នំពេញ)៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា បុគ្គល សម រង្ស៉ី តែងតែលើកឡើងបំផុសចលនាបង្កអស្ថិរភាព ហើយគ្មានការពិតសូម្បីបន្តិចដែលថា «បង្គោលព្រំដែនកម្ពុជា-វៀតណាមចេះដើរ»។

បើតាមលោក ឡាំ ជា នរណាក៏មានគំនិតស្នេហាជាតិ ស្រលាញ់ទឹកដីដូចគ្នា តែកុំជឿបុគ្គលដូច សម រង្ស៉ី ដែលមានគំនិតទុច្ចរិត តែងតែបង្កចលាចល ឱ្យមានភាពវឹកវររហូតមក។

ក្នុងកិច្ចសម្ភាសពិសេសមួយ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ឡាំ ជា បានថ្លែងថា កិច្ចការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់និយាមការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំងខ្សែឯកភាពគ្នានៅលើព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល រួមាមានបង្គោល ៣ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និងបង្គោលតម្រុយព្រំដែន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងផេច បុគ្គល សម រង្ស៉ី ខ្ញុំចង់បញ្ជាក់ជូនថា បុគ្គល សម រង្ស៉ី នេះ តែងតែលើកឡើងអំពីបញ្ហាបំផុសនូវចលនា ធ្វើយ៉ាងណា គឺបង្កអស្ថិរភាព ហើយគ្មានការពិតសូម្បីតែបន្តិច បង្ហាញថា បង្គោលព្រំដែនចេះដើរ»

លោកក៏បានឲ្យដឹងថា រឿងព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង មិនអាចយកផែនទីណាមកប្រើប្រាស់ ក្រៅពីផែនទីបោនខ្នាត ១/១០០០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនឡើយ ហើយផែនទីនេះ និង Google Maps មិនត្រូវគ្នានោះទេ។ កម្ពុជាមិនឱ្យមានការបាត់បង់ទឹកដី សូម្បីមួយមីល្លីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណាដូចគ្នា៕