(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ទីតាំងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅបូជនីយដ្ឋានប្រវត្តិសាស្រ្តភ្នំដា ភ្នំជីសូរ និងសារមន្ទីរ​អង្គរបូរី​ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីប្រវត្តិនៃបុរាណដ្ឋាន និងការគ្រប់គ្រងបូជនីយដ្ឋានប្រវត្តិ​សាស្ត្រ​ទាំងពីរទីតាំង និងសារមន្ទីរនេះក្នុងគោលបំណងផ្សារភ្ជាប់រវាងទ្រីស្តី និងបទពិសោធជាក់ស្តែង មាននិស្សិតចូលរួមប្រមាណ ១០០នាក់។

លោក ជា សម្បត្តិ ប្រធានសារមន្ទីរអង្គរបូរីមានមតិស្វាគមន៍​ចំពោះគណៈប្រតិភូសាកលវិទ្យាល័យ ហើយ​បានលើកបង្ហាញប្រវត្តិភ្នំដា ស្ថិតនៅក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ ជា​កន្លែងលិចទឹក៦ខែ និងគោក ៦ខែ មានចំងាយ ១០២គីឡូម៉ែត្រពីក្រុងភ្នំពេញ និងចម្ងាយ ២៤​គីឡូ​ម៉ែត្រ​​ពីទីរួមខេត្តតាកែវ។

ភ្នំដា គឺជាប្រាសាទមួយត្រូវបានកសាងនៅលើភ្នំតូចមួយ ហើយត្រូវបានកាសាង​ឡើងនៅសតវត្សរ៍ទី៦​ដោយព្រះមហាក្សត្ររុទ្រវរ្ម័ន។ ប្រាសាទនេះ បានកសាងឡើងពីថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុង​នីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ ជាទ្វាបញ្ឆោត និងទ្វា១ ជា​ទ្វាពិតនៅជញ្ជាំងខាងជើង នៅខាងក្នុងប្រាសាទមានតាំងលឹង្គព្រះឥសូរសម្រាប់ជាទីសក្ការៈបូជា ហើយ​ជញ្ជាំង​ក្រាស ប្រាសាទពុំមានរបង (កំពែង ឬកំផែង) ព័ទ្ធជុំវិញទេ មានកម្ពស់៤០ម៉ែត្រ​បែមុខទៅទិស​ខាង​ជើងសំដៅទៅរករាជធានីនគរភ្នំ ហើយជាអតីតរាជធានីដំបូងរបស់ខ្មែរ ដែលទីតាំងស្ថិតនៅ​ស្រុកអង្គរ​បូរី​សព្វ​ថ្ងៃ។

ភ្នំដាជារមណីយដ្ឋានមួយក្នុងស្រុកអង្គរបុរី នៅក្នុងតំបន់នៃប្រាសាទ​ជាច្រើន។ ភ្នំដាក៏ជាផ្នែកមួយដែលទាក់​ទាញ​ភ្ញៀវទេសចរណ៌យ៉ាងពេញនិយមក្នុងខេត្តតាកែវ និងពីរាជធានីភ្នំពេញ ព្រមទាំងខេត្តនានា។

ចំណែកសារមន្ទីរអង្គរបូរីវិញ បានបើកជាលើកដំបូងសម្រាប់សាធារណជនក្នុង​ឆ្នាំ១៩៩៩​ ក្នុងពិធីសម្ពោធ មានតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពអឺរ៉ុប សាកលវិទ្យាល័យហាវ៉ៃ និងធនាគារប្រាសាក់ ហើយនៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៤,៥លានដុល្លារ ដើម្បីការពារបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ថវិកាត្រូវបានប្រើប្រាស់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីកែលម្អការតាំងពិពណ៌សារមន្ទីរអង្គរបូរី ក៏ដូចជាការបង្កើតកម្មវិធីអប់រំ​នៅសារមន្ទីរ​ផងដែរ។

ចំពោះភ្នំជីសូរ ស្ថិតនៅភូមិដក់ពរ ឃុំរៀងស្រុកសំរោង ខេត្តតាកែវ បើធ្វើដំណើរតាមរថយន្តតាមផ្លូវ​ជាតិ​លេខ​២ កាត់តាមក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ស្រុកបាទី និងប្រាសាទនាងខ្មៅ មានចម្ងាយ ៦២គីឡូ​ម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវលំមួយមានចម្ងាយ៥ គីឡូម៉ែត្រពីផ្លូវ​ជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ ២៧គីឡូម៉ែត្រ។

ភ្នំជីសូរមាន កំពស់១៣០ម៉ែត្រ ប្រាសាទភ្នំជីសូរនេះ តាមសិលាចារឹក លើភ្នំជីសូរមានឈ្មោះថា ស្រីសូរ្យ​ប​ព៌ត ឬ សូរ្យបព៌ត មានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១ ប្រាសាទភ្នំជីសូរនេះនៅក្នុង​ឆ្នាំ១០១៩ នៃគ្រិស្តសករាជកសាងថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា​សូរ្យបព៌ត ឬ ភ្នំសូរ្យ។

លោកបណ្ឌិត កែវ ជា តំណាងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានថ្លែងអំណរគុណក្រៃលែង ចំពោះ​លោកប្រធានសារមន្ទីរ ហើយក៏បានលើកឡើងពីប្រវត្តិសាកលវិទ្យាល័យឯកទេស នៃកម្ពុជា មានឈ្មោះ​ដើមថា «វិទ្យាស្ថាន ឯកទេសនៃកម្ពុជា» ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០២ ហើយបានកែប្រែរចនាសម្ព័ន្ធ ទៅជាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាល លេខ០១អនក្រ.បក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤។

សាកលវិទ្យាល័យ មានទីតាំងនៅរាជធានីភ្នំពេញ និងមានសាខាតាមខេត្តចំនួន៦ ស្ថិតនៅ​ទីរួម​ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងទីរួមខេត្តកំពត ដែលមានគណៈគ្រប់គ្រង បុគ្គលិក-សាស្រ្តាចារ្យ ចំនួន ១,១៨៦នាក់ (នារី ១៧៧នាក់) បាននឹងកំពុងធ្វើការបណ្តុះបណ្តាលនៅក្នុង​មហាវិទ្យាល័យចំនួន៥គឺទី១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២៖ មហាវិទ្យាល័យ​វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៣៖ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា ៤៖ មហាវិទ្យា​ល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៥៖ មហាវិទ្យាល័យវិស្វកម្ម មានអាគារសិក្សាសរុបចំនួន ៩អគារ បន្ទប់​សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន៩ បន្ទប់​បណ្តុះ​បណ្តាល​ព័ត៌មានវិទ្យាចំនួន៩ មានកុំព្យូទ័រ ចំនួន៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង។

សាកលវិទ្យាល័យ មានការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត មាននិស្សិតកំពុងសិក្សាសរុបចំនួន ៤០,៤៥៨អង្គ/នាក់ ព្រមទាំងមានជ័យ​លាភី​ដែលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាមានចំនួន ៨លើក នៅរាជធានីភ្នំ ពេញក្រោមអធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង១លើក នៅក្រុងបាត់ដំបង ក្រោមអធិបតីភាពសម្តេច​ក្រឡាហោម ស ខេង ព្រមទាំង១លើកទៀតនៅក្រុងសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋា​គារសុខាសៀមរាបកន្លងទៅថ្មីៗនេះ។

បើគិត២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២៤ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សាដោយ​ជោគជ័យពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន ៥,៣៤៦នាក់ (នារី ១៦,៧៥៨នាក់ ស្មើ ៣៣,២៨% )។ ទន្ទឹមនឹងនេះមាននិស្សិតកំពុងសិក្សាគ្រប់កម្រិត គ្រប់ទីតាំង និងសាខាសរុបចំនួន ១១,៧៤៧នាក់ (នារី ៥,៧៨៨នាក់ ស្មើ ៤៩.២៧%) និងបានរួមចំណែកយ៉ាងសកម្មជាមួយសាកល​វិទ្យា​ល័យ​ក្នុងការ​ចូលរួមសកម្មភាពសង្គម តាមរយៈសកម្មភាពយុវជនរបស់ស.ស.យ.កសកម្មភាពយុវជន កាយឫទ្ធិកម្ពុជា និងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា។

ក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ ដែលគ្រឹះស្ថានសិក្សានានាក្នុងសកលលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រូវផ្អាកដំណើរការសិក្សាដោយផ្ទាល់ និងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកល​វិទ្យាល័យឯកទេសនៃកម្ពុជា គ្រប់ទីតាំង និងសាខាបានប្រែក្លាយវិបត្តិដ៏ធ្ងន់ធ្ងរនេះឱ្យទៅជាឱកាស​និងកាលានុវត្តភាពសម្រាប់បដិវត្តកម្មនៃការអប់រំឌីជីថល ដោយខិតខំពង្រឹងខ្លួន តាមរយៈការបំពាក់ប្រព័ន្ធ និងធនធានបច្ចេកវិទ្យាទាំងការពង្រឹងសមត្ថភាពបុគ្គលិក-សាស្រ្តាចារ្យនិងនិស្សិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបំពេញការងារបង្រៀនរៀនស្រាវជ្រាវបានជោគជ័យល្អប្រសើរ។

 សាកលវិទ្យាល័យប្តេជ្ញាសម្រេចឱ្យបានជោគជ័យជូនសង្គមជាតិ ស្របតាមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម​របស់​ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកធនធានមនុស្សជាអាទិភាពទី១ នៃអភិក្រម​គោលនយោបាយ អភិឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។

ដើម្បីពង្រឹងជំនាញបណ្តុះគំនិតសហគ្រិន ភាពដល់និស្សិតសាកលវិទ្យាល័យ តែងបានអញ្ជើញអ្នកជំនាញ​តាមវិស័យ​ការងារដែលមានបទពិសោធន៍ច្រើនមកធ្វើបាឋកថា សន្និសីទ សិក្ខាសាលា ជូនដល់និស្សិតជា​ប្រចាំ និងក៏បានបញ្ជូននិសិ្សត ចុះកម្មសិក្សាដល់ការដ្ឋានការងារជាក់ស្តែងតាមកម្មវីធីជាក់លាក់។

សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សរណៈយោគយល់ជាមួយសាកល​វិទ្យា​ល័យ និងស្ថាប័នបរទេស ចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លា​ដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និងអ៉ីស្រាអែល​ជាដើម។ សាកលវិទ្យាល័យតែង​បានចូលរួមវេទិកានិងសន្និសីទអន្តរជាតិធំៗ ក្នុងវិស័យអប់រំមានជាអាទិ៍សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំ អាជីពក្នុង វិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និងសិក្ខាសាលាស្តីពីការធានាគុណភាពអប់រំរបស់បណ្តាញសាកលវិទ្យាល័យ​ប្រចាំតំបន់អាស៊ី​អាគ្នេយ៍ជាដើម។

ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើសាកលវិទ្យា​ល័យ​បានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័ននានា ក្នុងស្រុកចំនួន៥៤៣ នៅ​ទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ តាមគម្រោងអភិវឌ្ឍន៍នៅទី​តាំង​គោលរាជធានីភ្នំពេញ នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំយូរអង្វែងរបស់ខ្លួន​ព្រមទាំងការ​អភិវឌ្ឍផ្សេងៗទៀតលើផ្ទៃដី ដែលបានបម្រុងទុកជាង១០ហិកតា នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍​សែនជ័យ និង២៥ហិតាទៀត​ស្ថិតនៅសង្កាត់ឪឡោកខណ្ឌកំបូលឱ្យបានមុនឆ្នាំ២០២៧​ នាខួប​២៥ឆ្នាំ​រីឯសាខាដទៃទៀតក៏នឹងអភិវឌ្ឍន៍បន្ថែមជាបន្តបន្ទាប់នៅលើផ្ទៃដីដែលបានបម្រុងទុករួចហើយដូចថ្មីៗសាកលវិទ្យាល័យកំពុងនិងបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារឧបទេសថ្មីៗបន្ថែមទៀតនៅតាម​បណ្តា​ទីតាំង​ដូចជា ទីតាំងភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង កំពត និងបន្ទាយមានជ័យ។

សមិទ្ធផលជាផ្លែផ្កា និងជោគជ័យទាំងអស់របស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា គឺបានមកពីការ​យក​ចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងខ្ពស់ជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលគណៈ គ្រប់គ្រង បុគ្គលិក និង​សាស្រ្តា​ចារ្យទាំងអស់ក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង​ជាលំដាប់​ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស គឺបានមកពីកត្តាប្រទេសជាតិមានសុខសន្តិភាព និងគោលនយោបាយ​ដ៏ត្រឹម​ត្រូវ​របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវធីបតី ហ៊ុន ម៉ាណែត និងគណបក្ស​ប្រជាជន​កម្ពុជា។

ដើម្បីធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួនជាគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពគុណតម្លៃបញ្ញាច្នៃប្រឌិតខ្ពស់ និងស្របតាមទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយ​កម្ពុជា ទៅ ជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ សាកលវិទ្យាល័យប្ដេជ្ញាពង្រឹង និងពង្រីកការបណ្ដុះបណ្ដាលឯកទេសខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតឆ្លើយតបការវិវត្តន៍ប្រែប្រួលក្នុងដំណាក់​កាលនៃបដិវត្តន៍ឧស្សាហកម្ម៤.០ នៃដំណាក់កាលសេដ្ឋកិច្ចសង្គមឌីជីថល៕