(រតនគិរី)៖ ថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមសិល្បករខ្មែរជាង៥០នាក់ បានទៅទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
តំណាងសមាគមសិល្បករខ្មែរ បានបញ្ជាក់ឲ្យដឹងថា សិល្បករ-សិល្បការិនីចំនួន៥៤នាក់ ដឹកនាំដោយលោក ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកស្រី ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីទស្សនកិច្ចតំបន់ភូមិភាគឦសាន (CLV-DTA) នេះ ដោយចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ផ្តើមចេញពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងបន្តដំណើរទៅទស្សនកិច្ចនៅខេត្តមណ្ឌលគិរី។
ក្នុងដំណើរទស្សនកិច្ចនេះសិល្បករ-សិល្បការិនី បានបង្ហាញទឹកមុខសប្បាយរីករាយ ក្រោយឃើញការអភិវឌ្ឍនៅតាមព្រំដែន ដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ជាក់ស្តែង Dj ឃ្លាំង ដែលជាតារារ៉េបកំពុងមានប្រជាប្រិយភាព តំណាងឲ្យសិល្បករ-សិល្បការិនីបានលើកឡើងថា គេថា១០០ដង មិនស្មើឃើញនឹងភ្នែកម្តង ដោយតាមព្រំដែនមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ដូច្នេះសូមកុំឲ្យមានការភ័ន្តច្រឡំ និងញុះញង់ពីជនអគតិមួយចំនួន៕