(សៀមរាប)៖ លោក យន់ លីនណេ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើដល់ឯកអគ្គរដ្ឋទូតអស្រាអ៊ែលប្រចាំកម្ពុជា និងថៃ ជួយផ្តល់នូវអាហារូបករណ៍ដល់និសិ្សតកម្ពុជា សំខាន់នៅខេត្តសៀមរាប ឱ្យបានទៅសិក្សាក្នុងវិស័យកសិកម្ម និងឧស្សាហកម្មបច្ចេកវិទ្យា។ ម៉្យាងទៀត ក៏សូមជួយជំរុញដល់អ្នកវិយោគទុនចូលមកកម្ពុជា ជាពិសេសនៅខេត្តសៀមរាប លើវិស័យកសិកម្ម និងទេសចរណ៍ជាដើម។
ការស្នើយ៉ាងដូច្នេះរបស់លោក យន់ លីនណេ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំប្រទេសកម្ពុជា និងថៃ នៅសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីនាយក នាយករងទីចាត់ការ និង អង្គការជឿជាក់លើសិស្សជនបទកម្ពុជាចូលរួមផងដែរ។
មានប្រសាសន៍ក្នុងជំនួបនោះ លោក យន់ លីនណេ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ និងសេដ្ឋកិច្ចរបស់ខេត្តសៀមរាប បានពឹងផ្អែកទៅលើវិស័យកសិកម្ម និងវីស័យ ទេសចរណ៍ ដោយខេត្តសៀមរាប មានប្រជាពលរដ្ឋប្រកបការងារកសិកម្ម ៨២% និង ១៨% ប្រកបមុខរបរផ្សេងៗ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើបរិស្ថាន អនាម័យ សោភណ្ឌភាពក្នុងក្រុង បានធ្វើការដាំដើមឈើគ្រប់ប្រភេទ នៅតាមដងវិថីមួយចំនួនក្នុងក្រុងសៀមរាប ក៏ដូចបណ្តាក្រុង ស្រុក ភូមិ ឃុំសង្កាត់ ក្នុងការអភិវឌ្ឍក្រុងសៀមរាប ឲ្យក្លាយជាក្រុងបៃតង។
លោកស្រី Orna Sagiv បានធ្វើការវាយតម្លៃខ្ពស់លើកិច្ចអភិវឌ្ឍក្រុងប្រត្តិសាស្ត្រមួយនេះ ឲ្យមានការរីកចម្រើនប្រកបទៅដោយសោភណ្ឌភាពស្រស់ត្រកាល ដើមី្បទទួលស្វាគមន៍ភ្ញៀវទេសចរ។ ម៉្យាងទៀត ប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អ សំខាន់ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន ដែលរដ្ឋបាលខេត្តសៀមរាប បានធ្វើការដាំដើមឈើនៅតាមដងវិថីក្នុងក្រុង ក៏ដូចកន្លែងផ្សេងៗទៀត។
លោកបន្តថា ប្រទេសនីមួយៗមានការអភិវឌ្ឍយ៉ាងច្រើន ហើយយើងក៏យកចិត្តទុកដាក់ចំពោះការបំលាស់ទីរបស់ប្រជាពលរដ្ឋមករស់នៅទីក្រុងច្រើន។ ប៉ុន្តែពេលខ្លះ យើងភ្លេចគិតថា រឿងដែលសំខាន់បំផុត គឺសុខភាពរបស់ប្រជាពលរដ្ឋ។ បញ្ហានេះ គឺជាសហប្រតិបត្តិការដំបូង រាជរដ្ឋាភិបាលអ៊ីស្រាអែលនឹងបន្តសហប្រតិបត្តិការនៅខេត្តសៀមរាប ដោយផ្តល់អាហារូបករណ៍ដល់និស្សិតកសិកម្ម ឲ្យទៅរៀននៅប្រទេសអ៊ីស្រាអែលផងដែរ។
លោកស្រីបញ្ជាក់ថា ប្រទេសយើងទាំងពីរសុទ្ធជាប្រទេសដែលចំណាស់ មានប្រវត្តិសាស្រ្តច្រើនឆ្នាំ ដូចជា ប្រាសាទអង្គរវត្ត ហើយប្រទេសអ៊ីស្រាអែល ក៏មានប្រវត្តិសាស្រ្តរាប់រយឆ្នាំផងដែរ។ ប្រទេសយើងទាំងពីរ ក៏មានភាពវៃក្មេងផ្នែកពាណិជ្ជកម្ម ប៉ុន្តែក៏យើងអាចសហការគ្នាបានផងដែរ។
ម៉្យាងទៀត ប្រទេសអ៉ីស្រាអែល បានកំពុងតែស្វែងរកដៃគូរសហការ ហើយការសហការនេះ អាចជា អង្គការមិនមែនរាជរដ្ឋាភិបាល ឬក៏រាជរដ្ឋាភិបាល។ ហើយក៏មានវិស័យឯកជនអ៊ីស្រាអែលជាច្រើន ក៏ចង់មកវិនិយោគនៅប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល ធ្លាប់មានសង្គ្រាមជាច្រើនឆ្នាំដូចគ្នា ហើយប្រជាពលរដ្ឋបានក្រោកឈរឡើង ដើម្បីការពារប្រទេសរបស់ខ្លួន។ នឹងកំពុងជួបសង្គ្រាមអស់រយៈពេល ១ឆ្នាំមកហើយរហូតដល់សព្វថ្ងៃ ប៉ុន្តែពួកយើងនៅតែមានក្តីសង្ឃឹម និងជឿជាក់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅលើពិភពលោក ដើមី្បភាពរីកចម្រើនទៅពេលអនាគត៕