(បាត់ដំបង)៖ មូលនិធិជាតិជំនួយសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្ស ក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីអភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង និងមានសមាសភាពគ្រូបង្គោលមកពីមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្តទាំង៧ រួមមាន បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ ភ្នំពេញ និងកណ្តាល រួមទាំង តំណាងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំនៅកម្ពុជា ហៅកាត់ថា UNICEF សរុបចំនួន ៧២រូប។
លោក វង់ រដ្ឋា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តបាត់ដំបង បានលើកឡើងថា នៅខេត្តបាត់ដំបង មានគ្រួសារមានបណ្ណសមធម៌បានចុះឈ្មោះទទួលការឧបត្ថម្ភគោលគ្រួសារ ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចំនួន ៧៣ ៧៩១គ្រួសារ និងបានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់។
លោក យឺន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក បានលើកឡើងថា ដើម្បីអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧២អនក្រ.បក មូលនិធិជាតិជំនួយសង្គមមានផែនការច្បាស់លាស់ ក្នុងការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនសិស្សានុសិស្ស ក្នុងគ្រួសារមានបណ្ណសមធម៌ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅដើមឆ្នាំ២០២៥នេះ ដោយត្រូវធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានី ខេត្តទាំង២៥ ឱ្យបានរួចរាល់ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបែងចែកជា ៤តំបន់ ហើយសម្រាប់ខេត្តបាត់ដំបងនេះ គឺជាតំបន់ទី១ ដែលទទួលបានការបណ្តុះបណ្តាលគ្រូបង្គោល។
លោកប្រធាននាយកដ្ឋានក៏បានបន្ថែមទៀតថា ទោះបីជាការបណ្តុះបណ្តាលបន្តដល់ថ្នាក់មូលដ្ឋាននៅតាមក្រុង ស្រុក ខណ្ឌត្រូវបានបញ្ចប់ជាស្ថាពរក៏ដោយ ក៏លោក លោកស្រី ដែលជាគ្រូបង្គោលទាំងអស់ នៅតែជាតួអង្គសំខាន់ និងមានភារកិច្ចទទួលខុសត្រូវក្នុងការបន្តការគាំទ្រ សម្របសម្រួល ដល់ដំណើរការនៃការអនុវត្តកម្មវិធី ក្នុងក្របខណ្ឌបច្ចេកទេស ដល់មូលដ្ឋានឃុំ សង្កាត់ និងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ សំដៅរួមគ្នាធានាសង្គតិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃកម្មវិធី។
លោកស្រី កែវ ដាណា អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការអនុវត្ត ការផ្សព្វផ្សាយ សំដៅធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព នៃកម្មវិធី ពិសេស គឺរួមចំណែកសម្រេចបាននូវឆន្ទៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។
លោកស្រី ក៏បានសម្តែងនូវក្តីពេញចិត្តចំពោះវត្តមានចូលរួមពីថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម និងវត្តមានគ្រូបង្គោលទាំងអស់ ហើយក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
១. សូមគ្រូឧទ្ទេសថ្នាក់ជាតិ ឈរលើមូលដ្ឋានចែករំលែក ទាំងបច្ចេកទេស បទពិសោធន៍ និងវិធីសាស្រ្ត ដើម្បីធានាបំពេញបាននូវបំពាក់បំប៉នសមត្ថភាពគ្រប់គ្រាន់ សម្រាប់គ្រូបង្គោល
២. លោក លោកស្រីដែលត្រូវក្លាយខ្លួនជាគ្រូបង្គោលនាថ្ងៃនេះ ភាគច្រើនសុទ្ធសឹងតែមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលកន្លងមក ហេតុនេះ សូមប្រើរយៈពេលមួយថ្ងៃនេះ ចូលរួមយកចិត្តទុកដាក់ឱ្យបានពេញលេញ និងសកម្ម ដើម្បីបំពេញសមត្ថភាពបន្ថែម សម្រាប់ឈានទៅបណ្តុះបណ្តាលបន្ត
៣. សម្រាប់លោក លោកស្រីដែលពុំទាន់មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល សូមផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះថា នេះជាបទពិសោធន៍ថ្មី សម្រាប់ក្លាយជាគ្រូបណ្តុះបណ្តាល
៤. សូមរាយការណ៍វឌ្ឍនភាពជាប្រចាំ សម្រាប់លទ្ធផលនៃវគ្គបណ្តុះបណ្តាលនីមួយៗ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក ដើម្បីងាយស្រួលក្នុងការជួយសម្របសម្រួលបន្ថែម៕