(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ លោក ប៉េង ពោធិ៍នា និងគណៈប្រតិភូក្រសួង បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕