(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយសាកលវិទ្យាល័យការពាជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ លើការអប់រំការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ។
ពិធីនេះធ្វើឡើងដោយលោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល និងឧត្តមសេនីយឯកបណ្ឌិត ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ និងមានការចូលរួមពីអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី ពលទាហាន នាយទាហានរង នាយទាហាន និងយោធាចារ្យ នៃសាកលវិទ្យាល័យការពារជាតិ អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈជាច្រើនរូបផងដែរ។
បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯកបណ្ឌិត ដោក សុផា បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យការពារជាតិ ជាមួយសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងសំខាន់ គឺការផ្តោតលើការបង្កើតកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពយោធិននៃកងយោធពលខេមរ ភូមិន្ទលើការអប់រំការបណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមភាព យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ
ឧត្តមសេនីយ៍ឯកបណ្ឌិត ដោក សុផា បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា ក៏ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិដែលសាលាភូមិន្ទរដ្ឋបាលបាននឹងកំពុង បំពេញបេសកម្មរបស់ខ្លួន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធិភាពនៃការបណ្តុះបណ្តាល ដោយបានប្រែក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈ និងទទួលបានការយកចិត្តដាក់ និងមានការគាំទ្រជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ទើរគ្រប់ក្រសួង ស្ថាប័នក្នុងនោះក៏មានក្រសួងការពារជាតិផងដែរ។
នាឱកាសនោះលោក យក់ ប៊ុនណា ក្នុងនាមលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសហការគ្នារវាងក្រុមការងារទទួលបន្ទុករបស់សាលាភូមិន្ទរដ្ឋបាល ដែលមានលោក សុខ សេងយ៉ន ជាអ្នកសម្របសម្រួល និងក្រុមការងាររបស់សាកលវិទ្យាល័យការពារជាតិ ដែលមាន ឧត្តមសេនីយ៍ឯក ស្រី វាស្នា សាកលវិទ្យាធិការងជាអ្នកសម្របសម្រួល ដែលបានសហការរៀបចំកម្មវិធីនេះឱ្យបានដំណើរការយ៉ាងល្អតាមការគ្រោងទុក។
លោក យក់ ប៊ុនណា បានឱ្យដឹងទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សាកលវិទ្យាល័យការពារជាតិ នឹងក្លាយជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់សាលាភូមិន្ទរដ្ឋបាល ក្នុងការចូលរួមរៀបចំឥរិយាបថរបស់ពលទាហ៊ានឱ្យបានសមជាមន្ត្រីដែលបម្រើជាតិ និងប្រជាជនដែលអាចឆ្លើយតបទាន់ពេលវេលា ទៅនិងតម្រូវការពិតប្រាកដរបស់ក្រសួង និងស្របតាមគោលនយោបាយ និងកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល ស្របតាមការតម្រង់ទិសនៃផែនការយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់ការទី១ ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក យក់ ប៊ុនណា បានបញ្ជាក់ដែរថា ក្នុងស្មារតីនៃការកែទម្រង់ រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់គឺការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដើម្បីគាំទ្រដល់ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ជាមួយគ្នានេះនៅក្នុងបរិការនៃសកលភាវូបនីយកម្ម ការប្រកួតប្រជែង ក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិ និងបញ្ហាប្រឈមជាអន្តរជាតិនានា គឺតម្រូវផងដែរឱ្យមានការលើកកម្ពស់ប្រសិទ្ធភាពការងារនិងបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈឱ្យកាន់តែមានសមត្ថភាព និងគុណផលគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបរិការខាងលើបានទាន់ពេលវេលា។ ការពង្រឹង និងការកែលម្អសមត្ថភាពរដ្ឋបាលសាធារណៈដែលសំដៅប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈឱ្យកាន់តែមានសមត្ថភាព មានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារ គឺជាកិច្ចការគន្លឹះ និងមានសារៈសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់ផងដែរ៕