(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ (PWG) ខេត្តកណ្តាល ជឿជាក់ថា ខេត្តកណ្ដាលនឹងទទួលបានជាខេត្តជ័យលាភីការបញ្ចប់ ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះធ្វើការផ្ទៀងផ្ទាត់រួចរាល់។
ការបង្ហាញជំនឿចិត្តបែបនេះ បានលេចចេញឡើងនៅគ្រាដែល ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអង្គការ WaterAid និងអង្គការដៃគូផ្សេងទៀត និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋាន ថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល ដែលមានរយៈពេល ៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លោក នុត ពុធដារ៉ា បានឱ្យដឹងថា ការងារវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទខេត្តកណ្តាល មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ជាក់ស្តែង ខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តទី៣បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
លោកអភិបាលរងខេត្ត បន្តថា ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ និងស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានលោក គួច ចំរើន អភិបាលខេត្ត បានដឹកនាំផ្ទាល់ ជំរុញលើកទឹកចិត្តក្រុមការងារ PWG ខេត្ត ធ្វើយ៉ាងណាឱ្យបានលើសពី ODF។
បន្ទាប់ពីកិច្ចខិតខំប្រឹកប្រែងរួមគ្នាអស់រយៈពេល១ឆ្នាំកន្លងមក រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិទាំង១,០១០ភូមិ រួមជាមួយការចូលរួមប្រតិបត្តិអនាម័យល្អរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យខេត្តកណ្តាល បានប្រកាស ផ្ទៃក្នុងជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ជាតិ មកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព-ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ ខេត្តកណ្តាល។
លោកស្រីប្រធានមន្ទីរបន្តថា យោងលើទិន្នន័យរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបង្ហាញឱ្យ ឃើញថា ខ្នងផ្ទះសរុបក្នុងឆ្នាំ២០២៣ មានចំនួន ២៧០,៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែង មានចំនួន ២៦៨,០៩២ខ្នងផ្ទះ ចំពោះខ្នងផ្ទះបានប្រើប្រាស់បង្គន់កែលម្អសរុប ២៦៨,០៩២ ខ្នងផ្ទះ ស្មើ ១០០% ដែលក្នុងនោះ៖
១៖ ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួន មានចំនួន ២៦៤,៥៥៨ ស្មើនឹង៩៨.៧%
២៖ ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣,៥៣៤ ស្មើនឹង១. ៣%
៣៖ ចំនួន ក្រុង-ស្រុក ODF+ មានចំនួន ១៣ក្រុង/ស្រុ ស្មើនឹង១០០%
៤៖ ចំនួនឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ឃុំ/សង្កាត់ ស្មើនឹង ១០០%
៥៖ ចំនួន ភូមិ ODF+ មានចំនួន ១,០១០ភូមិ ស្មើនឹង១០០%៕