(កំពង់ស្ពឺ)៖ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ និង ព្រះញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី និង លោក ឈួ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពុងខ្ពស់លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកស្រី ឡុង បូណារេត អភិបាលរង តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ និមន្ត-អញ្ជើញ ជួបសំណេះសំណាល ជាមួយមន្ត្រីសង្ឃទូទាំងខេត្តកំពង់ស្ពឺ ដើម្បីសួរសុខទុក្ខមន្រ្តីសង្ឃ ភិក្ខុ សាមណេរ ដែលគង់នៅតាមបណ្ដារវត្តនានា ក្នុងខេត្តទាំងមូល សមាសភាពសរុបចំនួន ៣៤៣អង្គ/នាក់។
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភានៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានមានសង្ឃដីកាក្នុងនាមគណ:សង្ឃនាយកថា៖
១៖ មន្ត្រីសង្ឃខេត្តគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺត្រូវខិតខំបំពេញការងារនិងតួនាទីរបស់ខ្លួនឱ្យបានល្អជាងពេលបច្ចុប្បន្ន ព្រោះថាកន្លងមកនៅមានបញ្ហាខ្វះខាត និងឆកល្វែងក្នុងការអនុវត្តនាទី ដែលជាហេតុបណ្តាលឱ្យមានភាពមិនប្រក្រតីលេីការប្រតិបត្តធម៌-វិន័យរបស់ព្រះសង្ឃតាមបណ្តាស្រុកមួយចំនួនក្នុងខេត្ត។
២៖ ចាំបាច់ត្រូវកែទម្រង់លើការដឹកនាំឱ្យបានលឿនបំផុតក្នុង
ក្របខ័ណ្ឌពុទ្ធសាសនាខេត្ត កុំឱ្យដំបៅក្លាយជាដំបៅមហារីក ធ្វេីឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។
៣៖ តម្លៃពុទ្ធសាសនាគឺស្ថិតនៅលេីព្រះសង្ឃជាជួរមុខ ដែលបានបួសហេីយត្រូវសិក្សារៀនសូត្រយកចំណេះដឹងផ្លូវលោកផ្លូវធម៌ឱ្យបានសុីជម្រៅ រួចហេីយបដិបត្តិឱ្យបានល្អនូវធម៌វិន័យនោះៗនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយផង។ ព្រះសង្ឃត្រូវកសាងខ្លួនឱ្យមានសីលធម៌ខ្ពស់ និងតម្លៃគុណធម៌ខ្ពស់ ដេីម្បីក្លាយជាស្រែបុណ្យដ៏ល្អរបស់ពុទ្ធបរិស័ទ ព្រមទាំងជាគ្រូផ្សព្វផ្សាយព្រះធម៌ដ៏ពូកែដល់មហាជនទូទៅ ធ្វេីយ៉ាងនេះទេីបពុទ្ធសាសនាស្ថិតស្ថេរគង់វង្សបានយូរអង្វែង។
៤៖ ទាក់ទងនឹងការដោះស្រាយបញ្ហាអធិករណ៍ផ្សេងៗ មន្ត្រីសង្សត្រូវរកឱ្យឃេីញពីមូលហេតុនៃបញ្ហា បន្ទាប់មកទេីបដោះស្រាយ។ បញ្ហាដូចជារោគ ដែលព្រះពុទ្ធចាត់ទុក្ខថាជាផល រីឯភាពខ្លាំងភាពខ្សោយនៃការដឹកនាំជាហេតុនៃបញ្ហា, ការរំលត់បញ្ហាបានជោគជ័យគឺជាផល រីឯវិធីដោះស្រាយ(ផ្លូវដេីរ)គឺជាហេតុ។ ការដោះស្រាយតាមសច្ចធម៌ទាំង៤ ដែលព្រះពុទ្ធទ្រង់សម្តែងមកនេះ នឹងបានសម្រេចប្រយោជន៍ដល់អ្នកដឹកនាំអង្គភាពឬស្ថាប័នតូចធំបានល្អប្រសេីរ។
៥៖ គណ:សង្ឃត្រូវរៀបចំយន្តការដេីម្បីរៀបចំសណ្តាប់ធ្នាប់សង្ឃនៅទូទាំងប្រទេសជៀសវាងភាពអនាធិបតេយ្យ និងទប់ស្កាត់បុគ្គលយកស្បង់ចីវរព្រះសង្ឃទៅក្លែងបន្លំភេទជាសង្ឃស្វែងរកលាភសក្ការ: និងប្រព្រឹត្តផ្តេសផ្តាសធ្វេីឱ្យប៉ះពាល់តម្លៃសង្ឃនិងពុទ្ធសាសនា ព្រមទាំងធ្វេីឱ្យពុទ្ធបរិស័ទអស់សទ្ធាជ្រះថ្លា។
៦៖ ព្រះសង្ឃត្រូវបន្តចូលរួមអប់រំសីលធម៌យុវជន យុវនារី សិស្សានុសិស្សតាមសាលារៀន សំដៅលើកកម្ពស់គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងសង្គមខ្មែរ។
៧៖ ព្រះសង្ឃមានភារកិច្ចចូលរួមបន្តជួយកិច្ចការសង្គម កិច្ចការមនុស្សធម៌ និងចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័នតាមព្រំដែន។
៨៖ ព្រះសង្ឃយើងត្រូវដើរតាមគោលការណ៍និងច្បាប់របស់រដ្ឋ ស្របតាមព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដើម្បីវឌ្ឍនភាពរបស់ពុទ្ធសាសនា ព្រមទាំងបង្ហាញពីសាមគ្គីភាពកង់ពុទ្ធចក្រនិងកង់អាណាចក្រផងដែរ។
ឱកាសនោះ លោក ឈួ សុបញ្ញា ក៏បាននាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពី លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ។ សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ចូលរួមគ្រាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគម្រោងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន សូមព្រះមន្រ្តីសង្ឃត្រូវធ្វើការគ្រប់គ្រងវត្តអារាមឱ្យបានល្អ ស្របទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើងទាំងមូល៕