(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងជំរុញមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវខិតខំអភិវឌ្ឍនទីតាំងរបស់ខ្លួន ឲ្យឈានទៅរក លក្ខណៈស្តង់ដារសណ្ឋាគារមន្ទីរពេទ្យ សណ្ឋាគារមណ្ឌលសុខភាព។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ខណៈដែលលោកអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យារបស់មន្ទីរពេទ្យខេត្តស្វាយរៀងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត មាស កញ្ញា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកវេជ្ជបណ្ឌិត អ៊ុំ សារ៉ុន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យខេត្ត លោកអនុប្រធានមន្ទីរពេទ្យខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានអាគារ ប្រធាន អនុប្រធានផ្នែក មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យខេត្តជាច្រើនរូប។
ក្នុងឱកាសសំណេះសំណាល ជាលក្ខណៈគ្រួសារក្នុងវិស័យសុខាភិបាលនេះ លោកវេជ្ជបណ្ឌិត បានថ្លែងអំពីសាវតារ និងការអភិវឌ្ឍរីកចម្រើនរបស់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ និងបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដ៏ទៃ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកបានបន្តថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់រូប ត្រូវចូលរួមឱ្យបានសកម្មក្នុងការបំពេញ តួនាទីរបស់ខ្លួន ក៏ដូចជាចូលរួមអនុវត្តនូវអានុសាសន៍ដ៏ថ្លៃថ្លារបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីធ្វើឱ្យប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។
បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត បានជំរុញឲ្យមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់រូបធ្វើយ៉ាងណា ផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានពេញលេញចិត្តពេញថ្លើម ខិតខំអភិវឌ្ឍន៍ខ្លួនឯងបន្ថែម និងកែលម្អនូវចំណុច ខ្វះខាត។ ចូលរួមអនុវត្តនូវយុទ្ធសាស្ត្រ១០០ថ្ងៃ របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាព និងភាពរហ័ស។
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប ត្រូវមានភាពគំនិតច្នៃប្រឌិត ភាពឈ្លាសវៃ ក៏ដូចជាចេះដកស្រង់នូវបទពិសោធន៍ល្អៗ ពីមូលដ្ឋានសុខាភិបាលគំរូដ៏ទៃ មកអនុវត្តនៅអង្គភាពរបស់ខ្លួន។ មន្ត្រីរាជការ បុគ្គលិកគ្រប់រូបត្រូវប្រកាន់ខ្ជាប់ នូវពាក្យថា «មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ» និងត្រូវបដិបត្តិនូវការស្វាគមន៍ ការបដិសណ្ឋារកិច្ចដល់អ្នកជំងឺ ការប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដីសមរម្យ អនាម័យ បរិស្ថានស្អាត ការស្លៀកពាក់ឯកសណ្ឋាន ការផ្តល់សេវាប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈ និងមានការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្ត ដែលជានិច្ចកាលតែងតែបាន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕