(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី និងលោកប្រធានាធិបតីជាប់ឆ្នោត នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកប្រធានាធិបតីជាប់ឆ្នោត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោកក៏បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។
សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី។ សម្តេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីនាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសារទរ លោក Prabowo Subianto បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងត្រៀមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។
សម្ដេចធិបតី និងលោក Prabowo Subianto ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន មានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិនិងសន្ដិសុខ កសិកម្ម និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕