(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយវិស័យ បានឯកជនដាំដើមឈើប្រភេទឥន្ធនេលចំនួន២០០ដើម នៅតាមដងវិថី សម្តេចសង្ឃរាជ ទេព វង្ស ក្នុងក្រុងសៀមរាប ដើមី្បលើកកម្ពស់សោភណ្ឌភាពក្រុងសៀមរាប ឱ្យក្លាយជាក្រុងបៃតង។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដោយមានចូលរួមពីតំណាងមន្ទីរ-អង្គភាព វិស័យឯកជន និងចៅសង្កាត់ មេភូមិ ប្រជាការពារប្រមាណជា២០០នាក់ ចូលរួមផងដែរ។
លោក យុន លីនណេ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះវិស័យឯកជនក្នុងខេត្ត ដែលបានចូលរួមការដាំដើមឈើនាពេលនេះគឺកំពុងយកចិត្តទុកដាក់ជួយដល់ខេត្តសៀមរាប។ លោកបន្តថាសកម្មភាពនេះ បានបង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ធនឹងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាប ឱ្យបាន ១ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំ។
លោក យុន លីនណេ បានបន្តថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
លោកបន្ថែមថា ព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនដូចជា៖ ការការពារទីជម្រាល, ទប់ស្កាត់ការហូរច្រោះដី, ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា ចំពោះកូនឈើដែលបានដាំរួចនាពេលនេះ សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតនៅទីតាំងនេះ សូមចូលរួមថែរក្សាឲ្យបានជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងអស់នេះ លូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។ ការដាំដើមឈើនាពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ដ្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ ឱ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះ ព្រមទាំងការពារព្រៃឈើ ក៏ដូចជា ជួយជំរុញផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ និងបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ជាពិសេសជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។
លើសពីនេះលោកក៏បានបង្ហាញឱ្យឃើញនូវការគាំទ្រពីគ្រប់មជ្ឈដ្ឋានដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះ ជាកាតព្វកិច្ចដ៏ចំបងផ្សារភ្ជាប់ និងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប។
លោកបានបន្ដថា៖ «យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញ នៅគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនសន្សំសំចៃ ក្នុងការប្រើប្រាស់ផលអនុផលព្រៃឈើគ្រប់ប្រភេទ និងបណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ ការអនុវត្តច្បាប់ ដើម្បីរួមចំណែកកសាងធនធានធម្មជាតិ ក្នុងគោលបំណង ដើម្បីបង្កើនសម្រស់ និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាប ឱ្យទាក់ទាញថែមទៀត»។
លោក យុន លីនណេ បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានផ្តួចផ្តើមយុទ្ធនាការដាំកូនឈើ ក្នុងឱកាសរុក្ខទិវានៅភូមិសាស្ត្រក្រុង ស្រុកទាំង១៣ មានចំនួន២៩ប្រភេទ សរុបចំនួន ៨១,២៤៥ដើម និងមានអ្នកចូលរួមដាំចំនួន ១៨,២១២នាក់ផងដែរ៕