(ចិន)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តបំពេញទស្សនកិច្ចនៅប្រទេសចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ គឺមានគោលដៅចម្បងស្វះស្វែងរកការវិនិយោគបន្ថែមទៀតពីប្រទេសចិន។
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ច ពោលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចស្វែងយល់អំពីបទពិសោធន៍នៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ក្នុងខេត្តហ្វូជៀន ប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋបាលក្រុងសៀមិនបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយលើកិច្ចការងារដែលចិន ធ្លាប់បានអនុវត្តជោគជ័យនាពេលកន្លងមកក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីគំរូ (Pilot Free Trade Zone) ពិសេសក្នុងក្របខណ្ឌរបស់ក្រុងសៀមិន អមដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើឱ្យដំណើរការរបស់តំបន់ពាណិជ្ជកម្មប្រភេទនេះ។
បន្ទាប់ពីការចែករំលែកបទពិសោធន៍រួចរាល់ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីចិន មកកម្ពុជា កាន់តែមានភាពសម្បូរបែប បង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។
បន្ថែមលើទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតឱកាសអញ្ជើញចូលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Xiamen Xiangyu Group (XMXYG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម កំពុងវិនិយោគក្នុងតំបន់ពាណិជ្ជកម្មសេរីគំរូក្រុងសៀមិន ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន មានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ កំពង់ផែ និងគម្រោងព្រែកជីកហ្វូនណនតេជោ ជាដើម។
ក្នុងជំនួបនេះភាគីកម្ពុជាបានស្នើសុំឱ្យក្រុមហ៊ុន XMXYG ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកំពង់ផែ និងភស្ដុភារកម្មនៅកម្ពុជា។
សូមជម្រាបថា តំបន់ពាណិជ្ជកម្មសេរីគំរូ របស់ក្រុងសៀមិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ មានផ្ទៃដីសរុបប្រមាណ ៤៣,៧៨គីឡូម៉ែត្រក្រឡា។ តំបន់ពាណិជ្ជកម្មនេះ មានតួនាទីជាមជ្ឈមណ្ឌលនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលធ្វើឱ្យខេត្តហ្វូជៀន ក៏ដូចជាប្រទេសចិនទាំងមូលកាន់បង្កភាពងាយស្រួលក្នុងការផ្សារភ្ជាប់ទៅកាន់ពិភពលោក៕