(ពោធិ៍សាត់)៖ ក្រុមការងារសេដ្ឋកិច្ច ក្នុងនិងក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលសាលាស្រុក និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកា ស្តីពីយុវជន និងការងារ ដោយមានអ្នកចូលរួមជាង៧០០នាក់ ក្នុងគោលបំណងតម្រង់ទិសទៅដល់យុវជន យុវនារី តាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៤។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំគណបក្សស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ, លោក ពុំ ចាន់ថា ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមកាងារសេដ្ឋកិច្ច ក្នុងនិងក្រៅប្រព័ន្ធ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត ព្រមទាំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងក្រុមការងារមួយចំនួនទៀត។
លោក ពុំ ចាន់ថា ទីប្រឹក្សាក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារសេដ្ឋកិច្ច ក្នុងនិងក្រៅប្រព័ន្ធ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងថា ខេត្តពោធិ៍សាត់ មានវិទ្យាស្ថានពហុបច្ចេកទេស សម្រាប់បណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ បរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន យុវនារី ទាំងក្នុងនិងក្រៅខេត្ត។ វិទ្យាស្ថានពហុបច្ចេកទេស មានទស្សនវិស័យ ធ្វើទំនើបកម្ម ការអប់រំ បណ្តុះបណ្តាល ពង្រឹងពង្រីកនូវធនធានមនុស្ស ប្រកបដោយសមត្ថភាព ទេពកោសល្យ ទាំងគុណភាព និងបរិមាណ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ ក្នុងនិងក្រៅប្រទេស។
ថ្នាក់ដឹកនាំទាំង២បន្តថា នៅចំពោះមុខ វិទ្យាស្ថានពហុបច្ចេកទេសត្រូវការជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដំណាក់កាលទី១ ចំណុចបញ្ចកោណទី១ មុំទី២ ស្តីពីការបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស ១,៥លាននាក់ ដោយឥតគិតថ្លៃ លើជំនាញរួមមាន៖ ការងារកំបោ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលរថយន្ត ផ្សារអគ្គិសនី ការបោះពុម្ពសេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិចដោយកុំព្យូទ័រ បដិសណ្ឋារកិច្ច សេវាកម្មសម្អាងកាយ និងការកែឆ្នៃបន្ថែ និងផ្លែឈើ។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងបញ្ជាក់ថា ដើម្បីស្តារ និងជម្រុញ កំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងយុវនារី នៅក្នុងស្រុកភ្នំក្រវាញ ក៏ដូចទូទាំងខេត្តពោធិ៍សាត់ ប្រកបដោយចីរភាព បរិយាបន្ននោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពជាយុទ្ធសាស្ត្រ ចំនួន៥រួមមាន៖
ទី១-ការកំណត់ការកែសម្រួល និងការរៀបចំយន្តការបង្កលក្ខណៈងាយស្រួល ដើម្បីឈានចូលក្នុងប្រព័ន្ធ
ទី២-ការកំណត់បន្ថយបន្ទុក លើការបំពេញអនុលោមភាព
ទី៣-ការផ្តល់ការគាំពារ និងការគាំទ្រ ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ
ទី៤-ការលើកកម្ពស់សមត្ថភាព និងការគាំទ្រ ដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ
និងទី៥-ការពង្រឹង និងពង្រីកការផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹង និងការចូលរួម។
ជាមួយនឹងស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ ដល់សេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ សំដៅផ្តល់ការគាំទ្រ និងលើកស្ទួយកម្រិតជីវភាពរស់នៅ របស់អ្នកប្រកបមុខរបរ និងធ្វើការងារចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មី ទើបរាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៤។
ថ្នាក់ដឹកនាំទាំង២ សង្ឃឹមថា ក្រោយពីចប់វេទិកានេះ យុវជន យុវនារីពិតជាទទួលយកអំពីកិច្ចការតម្រង់ទិស ដែលក្រុមការងារបានចុះមកធ្វើការផ្សព្វផ្សាយ យកទៅគិតពិចារណា និងស្វែងរកនូវមុខវិជ្ជារៀនសូត្រ ឱ្យស្របទៅនឹងទិសស្លោកមនុស្សម្នាក់ ត្រូវមានជំនាញវិជ្ជាជីវៈមួយ ក្នុងមួយជីវិត ហេតុនេះសូមក្មួយៗយុវជន យុវនារី ត្រូវខិតខំឧស្សាហ៍ព្យាយាមរៀនសូត្រ នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីអាយុ១៥ឆ្នាំ ដល់៤៥ឆ្នាំ បើមានបណ្ណសមធម៌ក្រ១ ក្រ២ភ្ជាប់មកជាមួយ៕