(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមទាញយកកម្មវិធី «NoDrug» មកប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ការស្នើសុំបែបនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយមិត្តអប់រំចិត្ត មិត្តជួយមិត្ត ស្តីពី «សុខភាពអនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គម និងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ដល់មន្រ្តីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្សសរុប៩០០នាក់ នៅអនុវិទ្យាល័យ និងបឋមសិក្សារាយប៉ាយ នៅស្រុកកងមាស ខេត្តកំពង់ចាម។
លោក ហោ ប៉េង សាកលវិទ្យាល័យ NUM បានថ្លែងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ រៀបចំផ្សព្វផ្សាយដោយនិស្សិតស្ម័គ្រចិត្តកាកបាទក្រហមរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងគោលបំណងចូលរួមសកម្មភាពលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។
លោកស្រី ពុំ ចន្ទីនី បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានលើកឡើងពីការងារថ្មីបន្ថែមចំនួន៤របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងសំណូមពរអ្នកចូលរួមទាំងអស់ ត្រូវចូលរួមអនុវត្តនូវប្រធានបទថ្មីបន្ថែមនេះទាំងអស់គ្នាដើម្បីសុខភាពល្អ បរិស្ថានស្អាត។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើលើគ្រប់វិស័យ ក្នុងនោះអ្នករាយប៉ាយបានចូលរួមចំណែកហើយទទួលបាននូវផ្លែផ្កាអភិវឌ្ឍមូលដ្ឋានស្អាត បរិស្ថានល្អ សុខភាពល្អ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ថ្នល់បេតុង-កៅស៊ូ កូនចៅទទួលបានការរៀនសូត្រ ខ្ពង់ខ្ពស់មានការងារល្អ និងបានស្នើសុំ់ឱ្យអ្នកចូលរួម ទាញយកកម្មវិធី NoDrug៖ https://nodrugsnacd.com/download មកប្រើប្រាស់ ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀន៕