(កំពង់ធំ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញ បើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា សម្រាប់សិស្សថ្នាក់ទី១២ ធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និងអនាគត។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើង ដោយធនាគារជាតិនៃកម្ពុជា និងមានកិច្ចសហការរវាង ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលមានគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្រប តាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។

លោកស្រីបណ្ឌិតបន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំ ដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ «តោះ! និយាយពីលុយ» ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។

លោកស្រីបណ្ឌិតបានបន្ដថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា ក៏បានឧបត្ថម្ភនិងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង នៅក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រដល់ សិស្ស ក្នុងនោះគ្រូបង្រៀនសុទ្ធសឹង ជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។ លើសពីនេះធនាគារជាតិនៃកម្ពុជា ក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលសុទ្ធសឹងមានសញ្ញាបត្របរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ដើម្បីផ្ដល់នូវការបំពាក់បំប៉ន ភាសាអង់គ្លេសបន្ថែម ដល់សិស្សសម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។

ជាក់ស្តែងមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ខេត្តកំពង់ធំ, បច្ចុប្បន្នមានសិស្សនិទ្ទេស៩នាក់បានកំពុងសិក្សា, ក្នុងនោះធនាគារជាតិនៃកម្ពុជា បានកំពុងរៀបចំដល់ថ្នាក់ បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុផងដែរ។

លោកស្រីទេសាភិបាល បានបង្ហាញនូវក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍប្រទេសយើង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ផងដែរ៕