(ភ្នំពេញ)៖ មកដល់ពេលនេះ មានសាធារណជនទាញយកកម្មវិធី App NoDrug មកប្រើប្រាស់បានជាង៣ម៉ឺននាក់ហើយ។ នេះបើតាមឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: ប្រធានអនុគណ:កម្មការជំរុញការប្រើប្រាស់ និងបង្កើតមាតិកានៃគណគ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯកជម្រាបជូនបែបនេះ ក្នុងកម្មវិធីផ្សព្វផ្សាយជំរុញការទាញយក App NoDrug វគ្គបណ្តុះបណ្តាលជនបង្គោលផ្សព្វផ្សាយអប់រំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកងយោធពលខេមរភូមិន្ទកាល ចំនួន២៥១នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ប្រធានគណ:គ្រប់គ្រងកម្មវិធីទូរសព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់ជនបង្គោលដែលទើបទទួលបានការបណ្តុះបណ្តាលថ្មី ដែលបានបង្ហាញអារម្មណ៍និងសកម្មភាពទាញយក App NoDrug ទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តដល់សមាជិកខ្លួនដើម្បីបានប្រើប្រាស់ ដើម្បីទទួលបានឧត្តមប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ទាំងមូលគឺបានទទួលចំណេះដឹង កម្សាន្តអប់រំ មេរៀន ការព្យាបាល និងការរាយការណ៍ដោយសំងាត់មកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរាល់ករណីគ្រឿងញៀននៅក្នុងសហគមន៍ ដើម្បីទទួលបានការអន្តរាគមន៍ដោះស្រាយ ស្របតាមពាក្យស្លោក «ចូលរួមទាំងអស់ដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន»។

លោកបញ្ជាក់បន្ថែមថា មកដល់ពេលនេះ មានសាធារណជនទាញយកកម្មវិធីមកប្រើប្រាស់បានជាង៣ម៉ឺននាក់ហើយ និងសូមឱ្យសាធារណជនបន្តចូលរួមទាញយកបន្ថែមទៀតដើម្បីដោះស្រាយកង្វល់របស់បងប្អូនយើងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ៖ https://nodrugsnacd.com/download ជាមួយគ្នានេះប្រសិនបើបងប្អូនចាប់អារម្មណ៍ចូលរួមបង្កើតមាតិកា សូមទំនាក់ទំនងតេឡេក្រាមលេខ 012 777 761 ៕