(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដោះស្រាយបញ្ជប់វិវាទដោយជោគជ័យក្នុងសំណុំរឿងសន្ធានកម្ម លើកទី១ ដោយបានធ្វើការដោះស្រាយបញ្ចប់វិវាទដោយជោគជ័យ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងចូលហ៊ុនរវាងពាណិជ្ជករសញ្ជាតិខ្មែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការដោះស្រាយបញ្ចប់វិវាទនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសន្ធានកម្ម លើកទី១ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគូភាគីវិវាទ និងសន្ធានការីចុះបញ្ជីរបស់ ម.ជ.ម. នៅបន្ទប់ប្រជុំរបស់ ម.ជ.ម.។ ក្រោយពីមានការសម្របសម្រួលពីសន្ធានការី គូភាគីវិវាទបានធ្វើការព្រមព្រៀងបញ្ចប់វិវាទរបស់ខ្លួន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសះជា នៅថ្ងៃដដែលនោះផងដែរ។
ក្នុងករណីនេះ ម.ជ.ម. បានទទួលសំណើធ្វើសន្ធានកម្មពីភាគីវិវាទម្ខាង កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ បន្ទាប់ពីភាគីម្ខាងទៀតយល់ព្រមធ្វើសន្ធានកម្មតាមសំណើធ្វើសន្ធានកម្មនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ គូភាគីវិវាទបានធ្វើការជ្រើសតាំងរួមគ្នា នូវសន្ធានការីចុះបញ្ជីមួយរូប របស់ ម.ជ.ម ដើម្បីធ្វើការដោះស្រាយវិវាទតាមរយៈសន្ធានកម្ម។ ក្រោយពីសន្ធានការីទទួលយកការតែងតាំងសន្ធានការី និងគូភាគីវិវាទ បានរៀបចំកិច្ចប្រជុំសន្ធានកម្មលើកទី១ នៅបន្ទប់ប្រជុំរបស់ ម.ជ.ម. នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
សូមរំលឹកថា ម.ជ.ម. បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាដោះស្រាយវិវាទ តាមរយៈសន្ធានកម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ សន្ធានកម្មគឺជាដំណើរការដោះស្រាយវិវាទក្រៅតុលាការ ដែលមានភាពបត់បែន រក្សាសម្ងាត់ ប្រសិទ្ធិភាព និងមានតម្លៃសមរម្យ ដែលមានភាគីទីបីជាបុគ្គលឯករាជ្យហៅថា “សន្ធានការី” ផ្តល់ជាជំនួយដល់ភាគីវិវាទពីរ ឬច្រើន ឱ្យយល់បានកាន់តែច្បាស់អំពីបញ្ហា ព្រមទាំង
ផលប្រយោជន៍របស់ខ្លួន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសះជា។ សម្រាប់គំរូសំណើធ្វើសន្ធានកម្ម និងវិធានស្តីពីសន្ធានកម្ម របស់ ម.ជ.ម. សូម លោក លោកស្រី ចូលតំណ https://shorturl.at/kBXyu ៕